" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្ដាប់ប្រធានមន្ទីរពេទ្យគន្ធបុប្ផានិយាយពីជំងឺដែល​​​នាំឲ្យកុមារជាង ៦០ នាក់ស្លាប់

ភ្នំពេញ (១១ កក្កដា ២០១២)៖ ចាប់តាំងពីខែមេសា ឆ្នាំ ២០១២ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបានបញ្ជាក់ថា មានកុមារកម្ពុជាប្រមាណ ៦៤ នាក់បានស្លាប់ដោយសារតែជំងឺម្យ៉ាងដែលលោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានអះអាងថា មានប្រវត្តិជំងឺ និងរោគសញ្ញាប្រហាក់ប្រហែលគ្នា។

បន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានប្រកាសនេះថា ជាជំងឺថ្មី និងអាថ៌កំបាំង ដែលសេចក្ដីប្រកាសនេះត្រូវបានគេចុះផ្សាយតាមបណ្ដាញសារព័ត៌មាន ហើយក៏មានជនរួមជាតិកម្ពុជាមួយចំនួនចែកចាយតាមបណ្ដាញព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក (Facebook) និង Blog ជាដើម។

ក្រោយពីបានទទួលដំណឹងនេះ ប្រជាជនកម្ពុជាខ្លះ ដែលមានកូនចៅតូចៗមានការភិតភ័យ ហើយនៅព្រឹកថ្ងៃអាទិត្យទី ៨ កក្កដា ផ្នែកពិសោធន៍លើជីវសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័របានរកឃើញថា ជំងឺនេះបណ្ដាលមកពីមេរោគ Enterovirus 71 ឬហៅ កាត់ថា EV71 ដោយមេរោគនេះទាក់ទិននឹងជំងឺមាត់ ដៃ និងជើង ដែលជាមេរោគកើតមានកើតជាទូទៅមកលើកុមារ និងទារក។

បើតាមការអះអាងពីវេជ្ជបណ្ឌិត ជំនាញមួយចំនួនបានឲ្យដឹងថា រោគសញ្ញាគឺមានគ្រុនក្ដៅ ឈឺមាត់ និងមានកន្ទួល ដោយមានពងបែកនៅលើមាត់ ដៃ ជើង និងគូថ។

ទាក់ទិននឹងជំងឺនេះ លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យសង្គ្រោះកុមាររាប់សែននាក់ដោយមិនគិតថ្លៃទាំង នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបាននិយាយថា ជំងឺនេះមិនមែនជាជំងឺថ្មី ឬក៏ជាជំងឺអាថ៌កំបាំងនោះទេ។

នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែក មួយនៅឯមន្ទីរពេទ្យគន្ធបុប្ផារបស់លោកក្នុងរាជធានីភ្នំពេញនាព្រឹក ថ្ងៃទី ៩ កក្កដា នេះ លោក Richner បាននិយាយថា ជំងឺនេះបានកើតឡើងដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៦៩ មក។
ជំងឺនេះក៏ត្រូវបានបណ្ដាញ សារព័ត៌មានបរទេសរាយការណ៍ដែរថា ធ្លាប់កើតមានឡើងនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយរួមទាំងប្រទេសចិនផង ហើយក៏មានកុមារស្លាប់រាប់រយនាក់ដែរ។

លោក Richner បាន សម្ដែងការសោកស្ដាយដែលមានការចេញសេចក្ដីប្រកាសព័ត៌មាន ដែលថា ជំងឺនេះជាជំងឺថ្មី និងអាថ៌កំបាំងនោះ ដែលនាំឲ្យប្រជាជនកម្ពុជាមានការភ័យខ្លាចជាខ្លាំង។

លោកក៏បានបន្ទោសបណ្ដាញ សារព័ត៌មានបរទេសមួយចំនួន ដែលបានដកស្រង់សំដីមន្ត្រីអង្គការសុខភាពពិភពលោកក្នុងការពង្រីក ព័ត៌មាននេះ ដែលនាំឲ្យកាន់តែមានការភ្ញាក់ផ្អើលខ្លាំងឡើងដល់ពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោក។

នៅក្នុងលិខិតមួយរបស់លោកដែល បានផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២០ ខែ មិថុនា កន្លងទៅនេះបានបញ្ជាក់ថា ចាប់តាំងពីចុងខែមេសាមក មានកុមារចំនួន ៤៧ នាក់ដែលមានអាយុចន្លោះ២ ទៅ ៤ ឆ្នាំបានស្លាប់ នៅក្នុងមន្ទីរពេទ្យរបស់លោក។

លោកបាននិយាយថា កុមារទាំងនោះត្រូវបានព្យាបាលដោយឲ្យលេបនិងចាក់ថ្នាំនៅខាងក្រៅ រួចទៅហើយ ទើបនាំយកមកកាន់មន្ទីរពេទ្យរបស់លោក ហើយកុមារទាំងនោះភាគច្រើនមកពីភាគខាងត្បូងនៃប្រទេស។

លោកក៏បានបន្ទោសពីការព្យាបាល មួយចំនួននៅឯខាងក្រៅមន្ទីរពេទ្យដែលប្រើថ្នាំមិនត្រឹមត្រូវ ឬថ្នាំខុស ដែលថ្នាំទាំងនោះអាចបំផ្លាញសរសៃឈាមតូចៗដែលមាននៅក្នុងសួតរបស់ កុមារជាអ្នកជំងឺ។

បើតាមការអះអាងរបស់លោកគឺថា កុមារទាំងនោះមុននឹងស្លាប់គឺមានបញ្ហាសួត ដែលពួកគេពិបាកដកដង្ហើម។ លោក Richner បាន អំពាវដល់មាតាបិតាឲ្យបង្កើនអនាម័យកាន់តែច្រើនឡើងក្នុងការរស់នៅ ដោយសំអាតដៃជើងរបស់កុមារបន្ទាប់ពីចូលបង្គន់ និងសំអាតដៃមុនហូបអាហារ គឺថា «រស់នៅឲ្យមានអនាម័យល្អ»។
នៅក្នុងលិខិតនោះ លោក Richner បានបញ្ជាក់ថា «យើងមិនយល់ថាតើមានអ្វីកំពុងតែកើតឡើងនោះទេ។ មេរោគ Enterovirus នៅមិនទាន់ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញនៅឡើយទេ ថាតើវានៅក្នុងឈាម ឬក៏នៅក្នុងខួរឆ្អឹងខ្នង»។

លោក Richner បាន និយាយដោយបន្ធូរបន្ថយការភិតភ័យពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំពោះ ជំងឺនេះថា តាមពិតទៅ ជំងឺគ្រុនឈាមជាជំងឺដែលកាចសាហាវ ដោយលោកបញ្ជាក់ថា គ្រាន់តែនៅចន្លោះថ្ងៃទី ១-១៧ មិថុនា មន្ទីរពេទ្យរបស់លោកបានទទួលកុមារមានជំងឺចំនួន ៩.៤៤០ នាក់ ដែលក្នុងនោះមាន ៣.០៧៣ ករណីជាជំងឺគ្រុនឈាម ហើយគ្រាន់តែនៅព្រឹកថ្ងៃទី ២០ មិថុនា មានកុមារជាអ្នកជំងឺចំនួន ២.៣៣០ នាក់ ដែលក្នុងនោះមាន ៥១៤ ករណីជាជំងឺគ្រុនឈាម។

លោក Richner ក៏ បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលជួយបរិច្ចាគដល់មូលនិធិរបស់លោកសម្រាប់ព្យាបាល កុមារក្នុងម្នាក់ ២៧ ដុល្លារ ឬថា ត្រូវបង្កើនការបរិច្ចាគទ្វេដងពី ២ លានដុល្លារ ទៅ ៤ លានដុល្លារជាបន្ទាន់ ដោយសារតែស្ថានភាពរបស់កាន់តែធ្ងន់ធ្ងរ៕

Comments are closed.