ពុលដំឡូងមីមួយគ្រួសារ ស្លាប់កូនស្រីម្នាក់ក្នុងចំណោម៧នាក់
ក្រុមគ្រួសារក្រីក្រមួយមានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង បានពុលដំឡូងមី បណ្ដាលឲ្យអ្នកខ្លះ រាគក្អួត ចង្អោរ ហើយត្រូវបានបុរសជាឪពុកដឹកទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង ។
នៅក្នុងហេតុការណ៍ពុលដំឡូងនេះបុរសជាប្ដីបានប្រាប់អ្នកយកព័តមានថា នៅម៉ោងប្រហែល១រសៀល ថ្ងៃទី២២ មិថុនា ២០១១ ប្រពន្ធរបស់ខ្លួនឈ្មោះ ជៀប សុលាង អាយុ២៦ បានទិញដំបូងមីនៅឆៅទម្ងន់២គីឡូក្រាមពីផ្សារលើ យកមកស្ងោរឲ្យកូនៗទាំង៧នាក់បរិភោគ លុះដល់ម៉ោង៧យប់ថ្ងៃទី ២២ ដដែលប្រពន្ធ និងកូនមានអាការៈក្អួត ចង្អោរ និងរាគ បន្តបន្ទាប់គ្នា ពេលនោះគាត់ក៏បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត វេលាម៉ោង៨និង៣០ នាទី។
ក្រុមគ្រូពេទ្យបាននាំគ្នាជួយធ្វើការសង្រ្គោះ ប៉ុន្តែជាអកុសលនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ មិថុនា កូនស្រីម្នាក់ឈ្មោះ ណំ សុលីន អាយុ៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារតែអាការៈពុលមានសភាពធ្ងន់ធ្ងរពេក ។ ហើយក្រុមគ្រូពេទ្យបានឲ្យដឹងថា អាការៈពុលនេះគឺបណ្ដាលមកពីបរិភោគដំឡូងមី។
គ្រួសារនេះមានជីវភាពក្រខ្សត់លំបាក វេទនា រកអង្ករច្រកឆ្នាំងមិនមានទេ ដោយប្រកបមុខរបរលក់ត្រីបន្តបានកម្រៃ ប្រមាណ៥០០០រៀលក្នុងមួយថ្ងៃ។ ហើយនាងជាម្ដាយតែងតែទិញដំឡូងមី មកស្ងោរឲ្យកូនៗបរិភោគជាអាហារមិនដែលជួបហេតុការណ៍ពុលនោះទេ ទើបតែពេលនេះបរិភោគទៅពុលមួយគ្រួសារ និងបណ្ដាលឲ្យកូនស្រីអាយុ៦ឆ្នាំម្នាក់ស្លាប់ យ៉ាងអាណោចអាធ័មបែបនេះ៕







