" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

សារ​រំលែក​ទុក្ខ​របស់​នាយករដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​ពិតជា​គួរ​ឲ្យ​គោរព

Respectful condolences letters of Prime Minister and Deputy Prime Minister

ដោយ ​ឆាយ សុផល

រូប ថត ចុងក្រោយ របស់ ខ្ញុំ និង សម្បត្តិ (ឆ្វេង) នៅ ថ្ងៃ ទី ១៨ ធ្នូ ឆ្នាំ ២០១០ ក្នុង រាជធានី ភ្នំពេញ។

នៅ​ពេល​ដែល​ខ្ញុំ​ និង​មិត្តភ័ក្ដិ​រួម​អាជីព​ជា​ច្រើន​នាក់​ទៀត​នៅ​ក្នុង​ការងារ​សារព័ត៌មាន និង​សារ​គមនាគមន៍ បាន​ស្ដាប់​ការ​អាន​សារ​រំលែកទុក្ខ​​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខអាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ឯ​ពិធី​បូជា​សព​របស់​សម្លាញ់​ខ្ញុំ​គឺ​ លោក រាជ សម្បត្តិ កាល​ពី​ថ្ងៃ​ទី ១៥ ឧសភា កន្លង​ទៅ​នេះ ពួក​យើង​ពិត​ជា​រំជួល​ចិត្ត និង​សម្ដែង​ការ​គោរព​កោតសរសើរ​ដល់​សម្មាន​ចិត្ត និង​អារម្មណ៍​ប្រកប​ដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​របស់​លោក​ទាំងពីរ។

នៅមុន​ពិធី​​បូជាសព ដែល​ប្រទាន​ភ្លើង​ដោយ​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា យើង​ទាំង​អស់​គ្នា​បាន​ស្ដាប់​សារ​រំលែក​ទុក្ខ​របស់​លោក​ទាំង​ពីរ​ដោយ​យើង​ទប់ទឹក​ភ្នែក​មិន​បាន ដែល​លោក​បាន​បង្ហាញ​ពី​ក្ដី​ស្រណោះស្រណោក​អាឡោះអាល័យ​យ៉ាង​ក្រៃលែង​ដល់​អតីត​សហការី និង​មិត្តភ័ក្ដិ​របស់​យើង​។

ពាក្យពេចន៍​ដ៏​សាមញ្ញ​ដែល​លោក​ទាំង​ពីរ​បាន​ប្រើ​នៅ​ក្នុង​សារ​រំលែក​ទុក្ខ​នោះ គឺ​មិនមែន​ត្រឹម​តែ​សមាជិក​គ្រួសារ​សព​លោក សម្បត្តិ ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក្នុងនាម​ជា​អតីត​មិត្តភ័ក្ដិ និង​ជា​អ្នក​រួម​អាជីព​ជា​មួយ​សព យើង​ក៏​ក្ដុកក្ដួល រំជួលចិត្ត និង​ស្លុង​អារម្មណ៍ ស្រយុតស្រយង់​អស់​ស្មារតី​ផង​ដែរ ចំពោះ​ក្ដី​មេត្តា​ករុណា​របស់​លោក​ទាំងពីរ ដែល​ប្រការ​នេះ​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​ពួក​យើង​ជា​អ្នក​បំពេញ​ការងារ​សារព័ត៌មាន និង​សារ​គមនាគមន៍​ទាំង​នៅ​ក្នុង​ស្ថាប័ន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ឲ្យ​ខិតខំ​បន្ត​ការងារ​អាជីព​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ខ្លួន​បន្ត​ទៅ​ទៀត។

ជា​ការ​ពិត ការ​ទទួល​បាន​សារ​រំលែកទុក្ខ​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ប្រទេស​ដល់​ក្រុម​គ្រួសារ​នៃ​សព និយាយ​ដោយ​ឡែក ​ក្រុម​គ្រួសារ​នៃ​សព​របស់​អ្នក​បំពេញ​ការងារ​សារព័ត៌មាន និង​សារ​គមនាគមន៍​មិន​បាន​គ្រប់ៗ​រូប​ក៏ដោយ ក៏​សារ​រំលែកទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ និង​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ចំពោះ​សព​លោក សម្បត្តិ បាន​បង្ហាញ​ពី​សមានចិត្ត​ដែល​លោក​ទាំង​ពីរ​ធ្លាប់​មាន​ជាមួយ​អ្នក​បំពេញ​ការងារ​អាជីព​ផ្នែក​វិស័យ​នេះ។

ខ្ញុំ​នៅ​ចាំ​ប្រយោគ​មួយ​ក្នុង​សារ​រំលែក​ទុក្ខ ដែល​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន​បាន​សរសេរ​ថា «រាជ សម្បត្តិ ក្មួយ​ប្រុស​សម្លាញ់! ពេល​នេះ​ក្មួយ​បាន​ចាក​ចេញ​ពី​យើង និង​លា​ចាក​លោក​ទៅ​ហើយ។ តែ​នេះ​គឺ​ជា​ពេល​វេលា​មួយ​ដែល​យើង​ត្រូវ​រំលឹក​ដល់​ការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​របស់​ក្មួយ​ក្នុង​ឆាក​​​ជីវិត​ដ៏​ខ្លី​នេះ»

នៅ​ក្នុង​សារ​នោះ​ ឯកឧត្ដម​ក៏​បាន​សរសេរ​ដែរ​ថា «អស់​រយៈពេល​ជាង​១៥​ឆ្នាំ​ ក្មួយ​បាន​បំពេញ​វិជ្ជាជីវៈ​​ជា​អ្នក​សារព័ត៌មាន ហើយ​ទទួល​បាន​ការ​កោត​សរសើរ និង​ការ​គោរព​រាប់​អាន​យ៉ាង​ជ្រាល​ជ្រៅ​ពី​មជ្ឈដ្ឋាន​នានា……..។ បន្ទាប់​មក​​ក្មួយ​បាន​ក្លាយ​ទៅ​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​បណ្ដុះបណ្ដាល​របស់​ក្មួយ​ យើង​ទទួល​បាន​អ្នក​សារព័ត៌មាន​ អ្នក​ផលិត​ភាពយន្ត និង​និពន្ធ​នាយក​ជំនាន់​ថ្មី​ជា​ច្រើន​នាក់»

ជាង​នេះ​ទៅ​ទៀត ឯកឧត្ដម​ក៏​បាន​កោត​សរសើរ​ដល់​សព​លោក សម្បត្តិ ថា «ក្មួយ​បាន​ចំណាយ​អស់​កម្លាំង​កាយ​ កម្លាំង​ចិត្ត និង​កម្លាំង​ប្រាជ្ញា ក្នុង​ការ​ស្ថាបនា និង​ការ​ផ្សះ​ផ្សារ​សង្គម​ជាតិ ជាពិសេស​ក្នុង​វិស័យ​សារព័ត៌មាន»

ពាក្យពេចន៍​នៅ​ក្នុង​ប្រយោគ​ខាង​លើ​នេះ​អាច​បញ្ជាក់​បាន​ថា ឯកឧត្ដម​ សុខ អាន ពិត​ជា​យក​ចិត្ត​ទុក​ដាក់ និង​គោរព​ស្រលាញ់​ដល់​អ្នក​បំពេញ​ការងារ​អាជីព​សារព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ។

អ្វី​ដែល​ជា​មោទនភាព​បំផុត​ជាង​នេះ​ទៅ​ទៀត​នោះ​សម្រាប់​គ្រួសារ​សព​លោក សម្បត្តិ ក៏​ដូច​ជា​យើង​ទាំងអស់​គ្នា​ជា​អតីត​សហការី និង​មិត្តភ័ក្ដិ​របស់​គាត់ គឺ​ពាក្យពេចន៍​ដ៏​ក្រៀមក្រំ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន។ នៅ​ក្នុង​ប្រយោគ​មួយ​ក្នុង​សារ​រំលែក​ទុក្ខ​របស់​សម្ដេច​ដែល​បាន​ផ្ញើ​ជូន​ភរិយា​របស់​សព​លោក សម្បត្តិ បាន​សរសេរ​ថា «ក្នុង​ឱកាស​ដ៏​សែន​ក្រៀមក្រំ​នេះ ខ្ញុំ និង​ភរិយា សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​ស្រណោះ​អាឡោះអាល័យ​ក្រៃលែង និង​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជា​មួយ​លោកស្រី និង​បុត្រា បុត្រី ព្រម​ទាំង​បងប្អូន កូនចៅ ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព​លោក រាជ សម្បត្តិ ប្រកប​ដោយ​សមាន​ទុក្ខ​និង​ក្ដី​សង្វេគ​រក​ទីបំផុត​គ្មាន»

ពាក្យពេចន៍​មួយ​ឃ្លា​នេះ​ពិត​ជា​បង្ហាញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ពិតប្រាកដ​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អតីត​សហការី និង​មិត្តភ័ក្ដិ​របស់​យើង។

ក្នុង​នាម​យើង​ជា​អ្នក​ប្រកប​ការងារ​វិជ្ជាជីវៈ​ផ្នែក​សារព័ត៌មាន និង​សារ​គមនាគមន៍ យើង​សូម​កោត​សរសើរ និង​គោរព​ចំពោះ​សារ​រំលែក​ទុក្ខ​របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ​រូប និង​ជូន​ការ​គោរព​ដល់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ចំពោះ​ការ​ប្រទាន​ភ្លើង​បូជាសព ដែល​ជា​កិត្តិយស​ដ៏​ធំធេង​មិន​ត្រឹមតែ​ចំពោះ​គ្រួសារ​លោក សម្បត្តិ ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​កិត្តិយស​សម្រាប់​អ្នក​បំពេញ​ការងារ​សារព័ត៌មាន និង​សារ​គមនាគមន៍ (ការងារ​ទំនាក់ទំនង) អាជីព​ប្រកប​ដោយ​វិជ្ជាជីវៈ​ផង​ដែរ។

ខ្ញុំ និង​សម្លាញ់ សម្បត្តិ គឺ​ជា​មិត្តភ័ក្ដិ​រួម​អាជីព​ទាំង​ការ​បង្រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ធ្វើការ ទាំង​ការ​យក​ព័ត៌មាន និង​ការ​បង្រៀន​មុខវិជ្ជា​សរសេរ​ព័ត៌មាន​តាំង​ពី​ទសវត្សរ៍​នៃ​ឆ្នាំ ១៩៩០ មក។ យើង​ទាំង​ពីរ​ធ្លាប់​ដើរ ធ្លាប់​ហូប​ចុក និង​ធ្លាប់​ដេក​ជាមួយគ្នា​ក្នុង​បន្ទប់​តែ​មួយ​នៅ​ក្នុង​សមរភូមិ​ព័ត៌មាន​ក្តៅៗ ព្រម​ទាំង​បាន​កម្សាន្ត​សប្បាយ​ជា​មួយ​គ្នា និង​ចំអក​លេង​សើច​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រួម​ទាំង​មិត្តភ័ក្តិ​ផ្សេងៗ​ទៀត ប៉ុន្តែ​ឥឡូវ សម្លាញ់ សម្បត្តិ បាន​ចាកចេញ​ពី​យើង​ហើយ គឺ​ចាក​ឆ្ងាយ​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ។ យើង​សូម​បួងសួង និង​ឧទ្ទិស​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​សម្លាញ់ សម្បត្តិ សោយ​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕

Leave a Response