ការបង្ខំឲ្យបញ្ចេញអត្តសញ្ញាណអ្នកជំងឺញៀនថ្នាំ និងជំងឺអេដស៍មានទោសទណ្ឌនៅក្នុងមាត្រាច្បាប់
វេទិកាស្មេរ (Column)
ដោយ ឆាយ សុផល
គោលនយោបាយភូមិឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃពិតជាមានសារសំខាន់ និងមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសហគមន៍នៅតាមមូលដ្ឋាន ក៏ដូចសង្គមជាតិទាំងមូលផងដែរ។
គោលនយោបាយនេះ មិនសូវជាខុសគ្នាទោះនឹងគោលនយោបាយ «បីមិន មួយរាយការណ៍» នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាប៉ុន្មាននោះទេ។ បើទោះជាគោលនយោបាយ «បីមិន មួយរាយការណ៍» និងគោលនយោបាយ «ភូមិឃុំសុវត្ថិភាព » ស្ថិតនៅក្នុងស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខខុសគ្នាក៏ដោយ ក៏គោលនយោបាយទាំងពីរនេះមានចរិតតែមួយ គឺដើម្បីសុវត្ថិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋទូទៅ។
យើងសូមមិនរំលឹកពីគោលនយោបាយ «បីមិន មួយរាយការណ៍» នោះទេ ព្រោះនោះជារឿងអតីតកាលជាង ២០ ឆ្នាំកន្លងមកហើយ។ អ្វីដែលយើងចង់លើកយកមកនិយាយនាពេលនេះ គឺការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទីបួន ដែលដឹកនាំដោយសម្ដេចអគ្គសេនាបេតីតេជោ ហ៊ុន សែន។
នៅក្នុងគោលនយោបាយភូមិឃុំសុវត្ថិភាពរួមមាន ការបង្ក្រាបអំពើចោរកម្ម លួចឆក់ប្លន់ ការទប់ស្កាត់ការជួញដូរស្ត្រីនិងកុមារ ការទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការប្រើប្រាស់អាវុធខុសច្បាប់ ការទប់ស្កាត់ក្មេងទំនើង និងការទប់ស្កាត់ការចែកចាយនិងការប្រើប្រាស់ថ្នាំញៀន។
ស្ថិតនៅក្នុងស្ថានភាពដែលធ្វើឲ្យពលរដ្ឋងាយទទួលរងការប្រឈមនឹងហានិភ័យពីបញ្ហានានានៅក្នុងសង្គមនានាពេលបច្ចុប្បន្ន នោះគោលនយោបាយភូមិឃុំសុវត្ថិភាពនេះពិតជាមានប្រយោជន៍ ហើយយើងសូមកោតសរសើរចំពោះមន្ត្រីដែលបានផ្ដួចផ្ដើមគំនិត និងមន្ត្រីដែលបានសម្រេចឲ្យមានគោលនយោបាយបែបនេះ។
ប្រសិនបើគោលនយោបាយនេះត្រូវបានឃុំ-សង្កាត់ ដែលស្ថិតនៅក្រោមសមត្ថកិច្ចស្រុក-ខណ្ឌរបស់ខេត្ត-ក្រុង-រាជធានីយកទៅអនុវត្តដោយមានការប្ដេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់ នោះអំពើអសកម្មខាងលើពិតជាអាចកាត់បន្ថយបានជាអតិបរមា។ ហើយចាប់តាំងពីការដាក់ចេញគោលនយោបាយភូមិឃុំសុវត្ថិភាពនេះមក យើងសង្កេតឃើញថា មានចំណុចខ្លះក៏ត្រូវបានកាត់បន្ថយ ខណៈដែលចំណុចខ្លះនៅតែកើតមានដដែល។
ដោយឡែក ការទប់ស្កាត់ការចែកចាយនិងការប្រើប្រាស់ថ្នាំញៀនវិញ យើងក៏សង្កេតឃើញដែរថា ឃុំ-សង្កាត់ជាច្រើនបានបានខិតខំយ៉ាងសកម្ម ដើម្បីឲ្យតំបន់ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនគ្មានការចែកចាយនិងការប្រើប្រាស់ថ្នាំញៀន។
ការងារដ៏សកម្មនេះមិនអាចមិនសរសើរមិនបានឡើយ ព្រោះនេះគឺជាការប្ដេជ្ញាចិត្តរបស់មេឃុំ-ចៅសង្កាត់ ក្រោមសមត្ថកិច្ចនៃអភិបាលស្រុក-ខណ្ឌរបស់ខេត្ត-ក្រុង-រាជធានីនៅទូទាំងប្រទេស។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺមន្ត្រី និងកម្លាំងនគរបាលប៉ុស្តិ៍ក្នុងសង្កាត់មួយរបស់ខណ្ឌចម្ការមនក្នុងរាជធានីភ្នំពេញបានបំពេញការងារទាក់ទិននឹងគោលនយោបាយភូមិឃុំសុវត្ថិភាពទៅហួសពី «ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន» និង «ច្បាប់ស្ដីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)»។
ដោយសំអាងលើការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពទាក់ទិននឹងការបង្ក្រាបការចែកចាយនិងការប្រើប្រាស់ថ្នាំញៀន មន្ត្រី និងកម្លាំងនគរបាលប៉ុស្តិ៍ក្នុងសង្កាត់នោះបានតម្រូវឲ្យអង្គការមួយដែលកំពុងបំពេញការងារព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀនដោយប្រើថ្នាំបន្សាបបញ្ជូនឈ្មោះ និងរូបថត ព្រមទាំងអាសយដ្ឋានរបស់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលថ្នាំញៀនមកឲ្យពួកគេជាកំហិតនៅថ្ងៃសុក្រទី ១ មេសា នេះ ដែលការបញ្ជូនបែបនេះពិតជាខុសនឹងមាត្រាច្បាប់។
មាត្រា ៨៩ ថ្មីនៃ «ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន» ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី ៩ ធ្នូ ឆ្នាំ ១៩៩៦ ហើយត្រូវបានរដ្ឋសភា ធ្វើវិសោធនកម្មនៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០០៥ ចែងថា «អ្នកញៀនជាតិពុល ដែលចូលទៅសុំព្យាបាលដោយខ្លួនឯងនៅក្នុងមន្ទីរពេទ្យ ឬអង្គការឯកទេសណាមួយត្រូវបានទទួលរក្សាការសម្ងាត់ពីអង្គការ ឬស្ថាប័នទាំងនោះ បើសាមីខ្លួនសុំយ៉ាងនេះ។…… »។
ជាងនេះទៅទៀត នៅក្នុងចំណោមអ្នកជំងឺញៀនថ្នាំដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលរបស់អង្គការនោះក៏មានអ្នកផ្ទុកមេរោគអេដស៍ដែរ។ ការមានផ្ទុកមេរោគអេដស៍នេះក៏ដោយសារពួកគេបានប្រើម្ជុលសឺរ៉ាំងរួមគ្នាកាលពីពេលមុនៗមិនទាន់មកសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលរបស់អង្គការនេះ។
ទាក់ទិននឹងការបញ្ចេញអត្តសញ្ញាណអ្នកមានផ្ទុកមេរោគអេដស៍ ប្រយោគមួយក្នុងមាត្រា ៣៣ នៃ «ច្បាប់ស្ដីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)» ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០០២ ចែងថា «អ្នកមាន មេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) ត្រូវទទួលបានការរក្សាការសម្ងាត់» ហើយបើជនណាដែលប្រព្រឹត្តល្មើសមាត្រានេះ មាត្រា ៥០ ចែងថា «ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០.០០០ (ប្រាំម៉ឺន) រៀល ដល់ ២០០.០០០ (ម្ភៃម៉ឺន) រៀល និងត្រូវដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ។ ករណីពុំរាងចាល ត្រូវផ្ដន្ទាទោស ទ្វេមួយជាពីរ។ ឯមន្ត្រីរាជការត្រូវទទួលទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល»។
បន្ថែមពីលើនេះ មាត្រា ៣៩ នៃរដ្ឋធម្មនុញ្ញចែងថា «ប្រជាពលរដ្ឋមានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុល ការខូចខាតដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្ដឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ»។
មន្ត្រីច្បាប់ជាច្រើនបានបញ្ជាក់ថា ការទាមទារសុំយក ឈ្មោះ និងរូបថត ព្រមទាំងអាសយដ្ឋានរបស់អ្នកជំងឺញៀនថ្នាំដែលកំពុងសម្រាកព្យាបាល ពិសេសអ្នកជំងឺដែលកំពុងមានផ្ទុកមេរោគអេដស៍ទៀតនោះគឺវាផ្ទុយនឹងច្បាប់ ហើយអ្នកជំងឺអាចមានសិទ្ធិប្ដឹងបុគ្គលណាមួយពីការបញ្ចេញអត្តសញ្ញាណរបស់ខ្លួនទៅតាមមាត្រាដែលមានចែងនៅក្នុងច្បាប់របស់ប្រទេស។
ជាការជំនួសការស្នើសុំ ឈ្មោះ រូបថត និងអាសយដ្ឋានរបស់អ្នកជំងឺ មន្ត្រីច្បាប់ទាំងនោះបានអំពាវនាវ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឲ្យស្វះស្វែងរកកន្លែងផលិត កន្លែងចែកចាយ កន្លែងលក់ និងទិញថ្នាំញៀនវិញដើម្បីកាត់បន្ថយការជួញដូរ និងការប្រើប្រាស់ថ្នាំញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀត មន្ត្រីច្បាប់ទាំងនោះក៏បានរំលឹកដែរថា មានចំណុចជាច្រើនទៀតនៅក្នុង គោលនយោបាយភូមិឃុំសុវត្ថិភាព ដែល មន្ត្រី និងកម្លាំងនគរបាលប៉ុស្តិ៍របស់ឃុំ-សង្កាត់ត្រូវពង្រឹង ជាជាងការ សុំ ឈ្មោះ រូបថត និងអាសយដ្ឋានរបស់អ្នកជំងឺដែលជាការរំលោភសិទ្ធិអ្នកជំងឺ និងផ្ទុយពីច្បាប់រដ្ឋ៕
អត្ថបទនេះផលិតក្រោមជំនួយសប្បុរសធម៌ពីប្រជាពលរដ្ឋអាមេរិកតាមរយៈ USAID។ រាល់ខ្លឹមសារដែលមានក្នុងអត្ថបទនេះគឺជាការទទួលខុសត្រូវរបស់អង្គការខាណា និងមិនបានឆ្លុះបញ្ចាំងទស្សនៈរបស់ USAID ឬរដ្ឋាភិបាលអាមេរិក ឡើយ។







