ស្រ្តីម្នាក់ទៀតស្លាប់នៅក្នុងការិយាល័យរបស់ក្រុមហ៊ុន T&P Co Ltd ដែលគេអះអាងថាគាំងបេះដូង
ស្រ្តីម្នាក់អាយុ ៣៥ ឆ្នាំ ដែលទទួលការបណ្តុះបណ្តាលនៅទីភ្នាក់ងារជ្រើសរើសពលកររបស់ក្រុមហ៊ុន T&P Co Ltd ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្លាប់នៅការិយាល័យរបស់ក្រុមហ៊ុននេះតែម្តងកាលពីព្រឹកថ្ងៃសៅរ៍ទី ៥ មីនា។
នគរបាល និងបុគ្កលិកអង្គការសិទ្ធិមនុស្ស បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការស្លាប់របស់ស្រ្តីឈ្មោះ ស៊ឹង ស៊ីណា នៅក្នុងមណ្ឌលបណ្តុះបណ្តាលរបស់ក្រុមហ៊ុន T&P Co Ltd នេះ បានកើតមាន បន្ទាប់ពីមានស្រ្តីម្នាក់ផ្សេងទៀតបានបាក់ឆ្អឹងជើងទាំងពីរកាលពីមួយសប្តាហ៍មុន ដោយសារការលោតចុះពីអគារដដែលនេះ។ ពួកគេបានបញ្ជាក់ថា ការលោតចុះនេះគឺដើម្បីព្យាយាមរត់គេចចេញពីអ្វីដែលស្រ្តីរូបនោះបាននិយាយថា ជាការចាប់បង្ខាំង។
លោក ម៉ក់ ហុង អធិការនគរបាលស្រុកបាននិយាយថា កំណត់ហេតុធ្វើកោសល្យវិច័យរបស់នគរបាលជាតិបានបញ្ជាក់ថា អ្នកស្រី ស៊ឹង ស៊ីណា ជាម្តាយកូន ៣ ដែលមកពីខេត្តកំពង់ចាមបានស្លាប់ដោយសារជំងឺគាំងបេះដូង។ លោកបានបន្ថែមថា ជនរងគ្រោះបាននៅក្រុមហ៊ុន T&P នេះ អស់រយៈពេលជិត៤ខែមកហើយ ដោយរង់ចាំទៅធ្វើការនៅបរទេស។
លោកវេជ្ជបណ្ឌិត ឈី ប្រកប អ្នកឯកទេសខាងជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកុសុមៈដែលមិនបានព្យាបាល ឬពិនិត្យអ្នកស្រី ស៊ឹង ស៊ីណា នោះបានប្រាប់អ្នកសារព័ត៌មានថា ជំងឺគាំងបេះដូងជាទូទៅកើតមានលើប្រជាជនខ្មែរដែលមានវ័យលើសពី ៤៥ ឆ្នាំដែលមានជំងឺស្រាប់ ដូចជាជំងឺលើសឈាម ឬជំងឺបេះដូងជាដើម ហើយថា សម្រាប់មនុស្សម្នាក់ដែលមានវ័យ ៣៥ឆ្នាំ ស្លាប់ដោយសារជំងឺគាំងបេះដូង នោះមិនមែនជារឿងធម្មតាឡើយ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ស្រ្តីម្នាក់ទៀតបានស្លាប់នៅក្រោមការឃុំគ្រងរបស់ក្រុមហ៊ុនជ្រើសរើសពលការមួយក្នុងក្រុងភ្នំពេញ ខណៈដែលស្រ្តីរូបនេះកំពុងទទួលការបណ្តុះបណ្តាលដើម្បីក្លាយខ្លួនជាអ្នកបម្រើនៅបរទេស។ អ្នកស្រី ជឹម សុភាព អាយុ៣៦ឆ្នាំទំនងមានជំងឺមុនពេលគាត់ស្លាប់នៅការិយាល័យរបស់ក្រុមហ៊ុន International Investment Services Company៕







