" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អាប់​ភី​ស៊ីត​អាច​ស្លាប់​មុន​អាយុ ដោយសារ​ស្រមោល​អតីតកាល

ដោយ ឆាយ សុផល

លោក​ អាប់ភីស៊ីត វីចាជីវ៉ាក់ នាយក​រដ្ឋមន្ត្រី​ថៃ​ចិត្ត​ដូច​ខ្យល់​ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ប្រមើល​ឃើញ​ថា រូប​លោក​អាច​ស្លាប់​មុន​អាយុ​នៅ​ក្នុង​ចំណោម​មេ​ដឹកនាំ​កំពូលៗ​របស់​ប្រទេស​ថៃ​កន្លង​មក។

ជា​នាយក​រដ្ឋមន្ត្រី​ទី ២៧ របស់​ព្រះរាជាណាចក្រ​ថៃ និង​ជា​អ្នក​ដែល​គេ​ស្គាល់​ថា ជា​ជា​នាយក​រដ្ឋមន្ត្រី​មាន​វ័យក្មេង​ជាង​គេ​ក្នុង​ចំណោម​នាយក​រដ្ឋមន្ត្រី​ថៃ​មុនៗ លោក អាប់ភីស៊ីត បាន​សាង​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ទាល់​តែ​សោះ​ចាប់​តាំង​ពី​មុន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​ដំណែង​នេះ​បាន​មក​ពី​តែងតាំង​ពី​ព្រះមហាក្សត្រ ប៊ុមវីបុល អាឌុលយ៉ាដេ បន្ទាប់​ពី​លោក​ ថាក់ស៊ីន ស៊ីនីវ៉ាត្រា ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​តាម​រយៈ​រដ្ឋប្រហារ​យោធា​មួយ​កាល​ពី​ថ្ងៃ​ទី ១៩ កញ្ញា ឆ្នាំ ២០០៦។

មុន​ឡើង​កាន់​ដំណែងលោក អាប់ភីស៊ីត ជា​មួយ​នឹង​គណបក្ស​ប្រឆាំង​របស់​ខ្លួន​បាន​ធ្វើ​បាតុកម្ម​នាំ​ឲ្យ​មាន​ចលាចល​ពេញ​នគរ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ និង​បាន​រំខាន​ដល់​ជន​បរទេស​នានា​តាម​រយៈ​ការ​ឡោមព័ទ្ធ​ប្រលាន​យន្តហោះ​សុវណ្ណភូមិ ដែល​បង្ក​ឲ្យ​ជន​បរទេស​ខកខាន​ជើង​ហោះហើរ​របស់​ខ្លួន ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​ខាត​បង់​អស់​រាប់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ពព្រិច​ភ្នែក។

ក្រោយ​ពី​បាន​ឡើង​កាន់​ដំណែង​ដែល​បាន​មក​ពី​ភាព​ក្ដៅ​ក្រហាយ​នេះ​មក លោក អាប់ភីស៊ីត បាន​ញញឹម​យ៉ាង​ស្រស់ប្រិមប្រិយ ហើយ​ស្រែក​ឡូឡា​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ និង​ដឹក​នាំ​ប្រទេស​របស់​ខ្លួន​ឲ្យ​ទៅ​ជា​សង្គម​ប្រជាធិបតេយ្យ​មែនទែន​ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភព​លោក។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ស្រមោល​ក៏​មក​អន្ទោល​តាម​ប្រាណ​របស់​លោក អាប់ភីស៊ីត គឺថា អ្វី​ដែល​លោក អាប់ភីស៊ីត បាន​ធ្វើឡើង​មក​លើ​លោក ថាក់ស៊ីន ស៊ីនីវ៉ាត្រា អាច​មក​ទូទាត់​ជាមួយ​រូប​លោក​វិញ។

ជា​ការ​ពិត លោក​ អាប់ភីស៊ីត ដែល​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក​ ពិត​ជា​ដឹង​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​​មិន​អាច​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​យូរ​តទៅ​ទៀត​បាន​ទេ តែ​មុន​នឹង​បញ្ចប់​ដំណែង​នេះ លោក​ត្រូវ​ខំ​ប្រវេប្រវា​ទៅ​តាម​ការ​ដែល​អាច​ធ្វើ​ទៅ​បាន គឺ​ធ្វើ​យ៉ាង​ណា​អាច​ពន្យារពេល ឬ​ក៏​ហេង​ស៊យ​អាច​បន្ត​តំណែង​បាន​មួយ​អាណត្តិ​ទៀត។

ចំពោះ​ការ​ដែល​អាច​បន្ត​ ឬ​មិន​អាច​បន្ត​តំណែង​របស់​លោក អាប់ភីស៊ីត នោះ​គឺ​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ឈឺ​​ក្បាល​វិល​មុខ​ឡើយ ព្រោះ​នេះ​ជា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ ដែល​អ្នក​ភូមិ​ផង​របង​ជា​មួយ​កម្ពុជា និង​ជា​មិត្ត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប៉ុន្តែ អ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ថៃ​មួយ​ចំនួន​ដែរ​មិន​សប្បាយចិត្ត​នោះ គឺ​លោក អាប់ភីស៊ីត បាន​យក​ឈាម​ពលរដ្ឋ​ និង​យោធា​ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​មក​ប្ដូរ​នឹង​ការ​បន្ត​អំណាច​របស់​ខ្លួន។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្នុង​មុខ​ដំណែង លោក អាប់ភីស៊ីត មាន​រឿង​អាក្រក់ៗ​ជា​ច្រើន​ដែល​មួយ​ជីវិត​របស់​លោក​ពិត​ជា​មិន​អាច​បំភ្លេច​បាន​ឡើយ ដែល​ក្នុង​មាន៖

ទី​មួយ អាប់ភីស៊ីត បាន​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដោយ​សារ​រដ្ឋ​ប្រហារ​យោធា។

ទីពីរ អាប់ភីស៊ីត រួម​ជា​មួយ​បក្សពួក​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ខ្លួន​ខាត​បង់​អស់​រាប់​លាន​ដុល្លារ​អាមេរិក​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ឡោមព័ទ្ធ​ប្រលាន​យន្តហោះ​អន្តរជាតិ ដែល​ករណី​នេះ​ស្ថិត​នៅ​ក្នុង​សំណុំរឿង​របស់​តុលាការ​ថៃ​នៅ​ឡើយ។

ទីបី អាប់ភីស៊ីត បាន​សម្លាប់​ពួក​អាវ​ក្រហម​ដែល​ជា​ជន​ជាតិ​របស់​ខ្លួន​តាម​រយៈ​ការ​បាញ់​ប្រហារ​ពី​សំណាក់​យោធា​នៅ​កណ្ដាល​ក្រុង​បាងកក​ក្នុង​អំឡុង​ពេល​បាតុកម្ម​អហិង្សា។

ទី​បួន ដោយចង់​លេង​ល្បែង​ផ្គាប់ចិត្ត​ពួក​អាវ​លឿង និង​អាច​មានឱកាស​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ផង អាប់ភីស៊ីត បាន​សាក​ល្បង​សាច់ដុំ​យោធា​ជាមួយ​កម្ពុជា ដោយ​បើក​ការ​វាយ​ប្រហារ​​ជា​បន្តបន្ទាប់​នៅ​ដើម​ខែ ​កុម្ភៈ ឆ្នាំ ២០១១ នេះ ដោយ​បាញ់​កាំភ្លើង​តូច​ធំ​មក​លើ​ដែន​ដី​កម្ពុជា​ក្នុង​គោល​បំណង​ដណ្ដើម​យក​តំបន់​នៅ​ម្ដុំ​ប្រាសាទ​ព្រះវិហារ។ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ទាំង​ជន​ស៊ីវិល និង​យោធា​របស់​ប្រទេស​ខ្លួន និង​ប្រទេស​កម្ពុជា​បាត់បង់ជីវិត រង​របួស និង​ខាតបង់​ទ្រព្យសម្បត្តិ​ជាច្រើន ខណៈ​ដែល​ជនស៊ីវិល​នៃ​ប្រទេស​ទាំង​ពីរ​រាប់​ម៉ឺន​នាក់​បាន​រត់​ចោល​ផ្ទះ​សម្បែង​ដោយ​សារភាព​ភ័យ​ខ្លាច។

អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ទៅ​ទៀត​នោះ លោក អាប់ភីស៊ីត តាមរយៈ​កងទ័ព​របស់​ខ្លួន​បាន​ធ្វើ​ឲ្យ​ខូចខាត​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះ​វិហារ​ដែល​មិនមែន​ត្រឹម​តែ​ជា​កេរ្តិ៍មរតក​របស់​ដូនតា​ខ្មែរ​ប៉ុណ្ណោះ​នោះ​ទេ តែ​ប្រាសាទ​នេះ​ក៏​ជា​បេតិកភណ្ឌ​ពិភពលោក​ក្រោម​ការ​អភិរក្ស​របស់​អង្គការ យូណេស្កូ ផង​ដែរ។

ទីប្រាំ លោក អាប់​ភី​ស៊ីត តាម​រយៈ​ទាហាន​របស់​ខ្លួន​បាន​បាញ់​កម្ទេច​វត្ត កែវកិក្ខាគិរីស្វារៈ និង​បំផ្លាញ​ព្រះពុទ្ធរូប ដែល​​ជា​សក្ការ​បូជា​របស់​ពុទ្ធសាសនិក​ទាំង​ខ្មែរ និង​ថៃ។ ការ​កម្ទេច​វត្ត​អារាម និង​រូប​បដិមា​ព្រះពុទ្ធ​បែប​នេះ​មាន​តែ​របប​ខ្មែរ​ក្រហម ប៉ុល ពត និង​របប​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​តែ​ប៉ុណ្ណោះ​កន្លង​មក ហើយ​របប​ទាំងនេះ​ក៏​អន្តរធាន​អស់​ទៅ​ហើយ​ដែរ។

ទីប្រាំមួយគឺ​ជា​ចំណុច​ពិសេស​ដែល​លោក អាប់ភីស៊ីត មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​នោះ​គឺ​ដំណក់​ឈាម​ស្រស់ៗ​រាប់​សិប​លីត្រ​​របស់​ជនជាតិ​ថៃ​រាប់​ពាន់​នាក់​បាន​ស្រោច​លើ​របង និង​ទ្វារ​ផ្ទះ​របស់​លោក ខណៈ​ដែល​ដុំ​លាមក​មនុស្ស​ជា​ច្រើន​ថង់​បាន​បោះ​លើ​ដំបូល​ផ្ទះ ដែល​ប្រកា​នេះ​ជា​ករណី​កម្រ​មួយ​ដែល​កើត​មាន​នៅ​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ជាន់ខ្ពស់​របស់​ប្រទេស​នៅ​ក្នុង​ពិភព​លោក។ ត្រង់ចំណុច​នេះ​អាច​និយាយបានថា លោក អាប់ភីស៊ីត ទំនង​ជា​អាច​បំបែក ឯកត្តកម្ម​បាន​ពី​បញ្ហា​មេ​ដឹក​នាំ​ទទួល​បាន​ការ​ស្រោច​ឈាម និង​ចោល​លា​មក​នេះ ដែល​សៀវភៅ ហ្គីនីសប៊ូក គួរតែ​កត់ត្រា​បញ្ចូល​ជា​ឯកត្តកម្ម​ប្រវត្តិសាស្ត្រ​ពិភពលោក​ហើយ។

ទាំង​នេះ​គឺ​ជា​ចំណារ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ថៃ ក៏​ដូច​ជា​ពិភព​លោក​ដែរ ដែល​ចំណារ​នេះ​​ជា​ស្រមោល​អតីតកាល និង​ជា​ចលករ​មួយ​ដែល​ជំរុញ​ឲ្យ​លោក អាប់ភីស៊ីត គិត​ស្រមៃ​នៅ​នឹង​ភ្នែក​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ពេល​លោក​អស់​មុខ​ដំណែង ហើយ​ការ​គិត​ស្រមៃ​មមៃ​មើល​ពី​អតីតកាល​ដ៏​អា​ម៉ាស និង​ជូរចត់​ទាំង​នោះ​អាច​នាំ​ឲ្យ​លោក អាប់ភីស៊ីត ស្លាប់​មុន​អាយុ​បាន​ ដោយ​មិន​ចាំបាច់​មាន​ការ​សងសឹក​ណា​មួយ​ឡើយ៕

លោក ឆាយ សុផល ជា​នា​យក Cambodia News និងជា​មន្ត្រី​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា

Comments are closed.