" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

កម្ពុជា​គួរដឹង​ពី​ការ​ហាម​មិន​ឲ្យ​យក​លុយ​ជំនួយ​អាមេរិក​ទៅ​បំពេញការ​ងារ​រំលូត​កូន

ដោយ ម៉ី សុវណ្ណារ៉ា

តើ​យើង​អាច​ធ្វើ​ការ​រំលូត​កូន​ជា​ផ្នែក​មួយ​នៃ​ការ​ពន្យារ​កំណើត​បាន​ដែរ​ឬ​ទេ? បើ​យើង​ក្រឡេក មើល​វិសោធនកម្ម​លើ ច្បាប់ ហេម (Helms) ស្តី​ពី​ជំនួយ​បរទេស​បាន​ចែង​ថា “មិន​ត្រូវ​យក​មូលនិធិ​ជំនួយ​បរទេស​ណា​មួយ​ទៅ​ចំណាយ​ចំពោះ​ការងារ​រំលូត កូន ជា​មធ្យោបាយ​នៃ​ការ​ពន្យារ​កំណើត ឬ​លើក​ទឹក​ចិត្ត ឬ​បង្ខំ​ជន​ណា​មួយ​ឲ្យ​អនុវត្ត​ការ​រំលូត​កូន​ឡើយ”។ នេះ​មាន​ន័យ​ថា រាល់​អ្នក​ទទួល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​លើ​គម្រោង​ពន្យារ​កំណើត ត្រូវ​បាន​ហាមឃាត់ តាម​ផ្លូវ ច្បាប់ មិន​ឲ្យ​គាំទ្រ​ដល់​មធ្យោបាយ​នៃ​ការ​ពន្យារ​កំណើត​តាមរយៈ​ការ​ប្រើ​រំលូត​កូន​ឡើយ។ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការ​ទប់ស្កាត់​ការ​រំលូត​កូន​តាមរយៈ​ការ​ប្រើប្រាស់ កា ពន្យារ​កំណើត ដោយ​ជួយ​សង្គ្រោះ​ជីវិត​ស្រ្តី​ដែល​រងគ្រោះ​ដោយសារ​ការ​រំលូត​គ្មាន​សុវត្ថិភាព និង​ណែនាំ​ស្រ្តី​ទាំង នោះ​ឲ្យ​ទៅ​រក​សេវា​ពន្យារ​កំណើត​ដោយស្ម័គ្រចិត្ត និង​សេវា​សុខភាព​បន្ត​ពូជ​ដទៃ​ទៀត ដែល​អាច​ជួយ​ទប់ស្កាត់​មិន ឲ្យ​មាន​ការ​រំលូត​កូន​លើក​ក្រោយៗ​ទៀត។ ការ​រំលូត​ដោយ​គ្មាន​សុវត្ថិភាព​បាន​គំរាមកំហែង​ដល់​ជីវិត​ស្រ្តី​ជា​ច្រើន និង បង្ក​បញ្ហា​ដល់​សុខភាព​ផ្លូវ​ចិត្ត​ស្រ្តី​ទៀត​ផង។

ច្បាប់​ស្តី​ពី​ការ​រម្លូត​កូន​របស់​កម្ពុជា​ឆ្នាំ ១៩៩៧ អនុញ្ញាត​ឲ្យ​ប្តី​ប្រពន្ធ​បញ្ចប់​ការ​មាន​គភ៌​ដោយ​ការ​រំលូត​កូន។ នៅ​ក្នុង ច្បាប់ នេះ មាន​តែ​វេជ្ជបណ្ឌិត​ឬ​គ្រូពេទ្យ​ជំនាញ​ស្របច្បាប់​ទើប​អាច​ផ្ដល់​ការ​រំលូត​កូន​បាន (មាត្រា ៥) ទៅ​តាម​ការ​ស្នើ​សុំ​របស់​ស្រ្តី​ដែល​មាន​គភ៌​ក្រោម​រយៈ​ពេល ១២ សប្ដាហ៍ (មាត្រា ៨)។ ហើយ​ការ​រំលូត​កូន​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង មន្ទីរ ពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល (មាត្រា ៦)។ ទោះជាយ៉ាងណាក៏ដោយ ការ​រំលូត​កូន ដោយ គ្មាន​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្កើត​កង្វល់​ជា​ច្រើន ហើយ​ច្បាប់​ក៏​ពុំ​បាន​ធានា​ថា ស្រ្តី​អាច​ទទួលការ រំលូត កូន ដោយ សុវត្ថិភាព ទេ។ កំណត់​ហេតុ​ស្តី​ពី​ការ​រំលូត​កូន​ដោយ​គ្មាន​សុវត្ថិភាព​របស់​អង្គការសុខភាព ពិភពលោក​បាន​ឲ្យ​ដឹងថា ៩៧ ភាគរយ​នៃ​ការ​រំលូត​កូន​គ្មាន​សុវត្ថិភាព​កើត​ឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ក្នុង នោះ ៥៥ ភាគរយ​កើត​មាន​ក្នុង​ទ្វីប​អាស៊ី ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស កំពុង​អភិវឌ្ឍន៍​ក្នុង ទ្វីប អាស៊ី។

សេចក្តី​ប្រកាស ចុះ​ហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល ចេញថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ២០១០ បាន​ព្រមាន​ថា នឹង​ចាត់ ”វិធានការណ៍​ខ្លាំងក្លា” ចំពោះ​អ្នក​ផ្ដល់​សេវា​ទាំង​ឡាយ​ណា​ដែល​មិន​គោរព​តាម​ច្បាប់​ស្តី​ពី​ការ រំលូត កូន ឆ្នាំ ១៩៩៧។

ក្នុង​ប្រទេស​កម្ពុជា យើង​អាច​ដឹង​និង​ឮ​ពី​វិធី​ពន្យារ​កំណើត​ច្រើន​ប្រភេទ​ដូចជា វិធីសាស្ត្រ​ពន្យារ​កំណើត ការអប់រំ ផ្លូវ​ភេទ ការ​ទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺ​កាមរោគ ការ​គ្រប់គ្រងនិងប្រឹក្សាយោ​បល់មុនពេលយកកូន ការគ្រប់គ្រង សមត្ថភាព បន្តពូជ ឬគ្រៀវ និង​ការ​បញ្ចប់​ការ​មាន​គភ៌។

យោង​តាម​របាយការណ៍​នៃ​ការិយាល័យ​ព័ត៌មាន​ប្រជាពលរដ្ឋ ៥៧ ភាគរយ​នៃ​គូ​ស្វាមី​ភរិយា​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត។ នេះ​មាន​ន័យ​ថា ​ពួកគេ​ពន្យារ​កំណើត​ទារក​របស់​ពួកគេ និង​ការពារ​ការ​មាន​គភ៌​ចៃដន្យ ដោយ​ប្រើ​នូវ​វិធីសាស្ត្រ​ពន្យារ​កំណើត​ផ្សេងៗ​រួម​ទាំង​ការ​រំលូត​កូន។

អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា ស្រ្តី​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​នូវ​ការ​រំលូត​កូន​យ៉ាង គ្រោះ ថា្នក់ ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផ្តល់​សេវា​មិន​ស្រប​ច្បាប់ ឬ​គ្មាន​លក្ខណៈសម្បត្តិ។ របាយការណ៍​នោះ​និយាយ​ថា​ទិន្នន័យ​ថ្នាក់​ជាតិ​ស្តីពី​សូចនាករ​នៃ​សុខភាព​បន្ត​ពូជ​ដ៏​សំខាន់ៗ​មួយ​នេះ គឺ​ពិបាក​រក​ណាស់ ពីព្រោះ​វា​ជា​ប្រធានបទ រសើប​​និង​សម្ងាត់។

ការ​រំលូត​កូន​មិនមែន​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ការ​ពន្យារ​កំណើត​នោះ​ទេ ហើយ​វា​អាច​បង្ក​ការ​គំរាមកំហែង​ដល់ អាយុ ជីវិត និង​បញ្ហា​ផ្លូវ​ចិត្ត។ អ្នក​ទទួល​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ គួរ​តែ​យល់​ដឹង​ពី​ការ​ហាម ប្រាម​មិន​ឲ្យ​គាំទ្រ​ការ​ប្រើការ​រំលូត​កូន​ជា​មធ្យោបាយ​មួយ​នៃ​ការ​ពន្យារ​កំណើត។ ទោះ​ជា​យ៉ាង​ណា​ក្តី ការ ព្យាបាល​ក្រោយ​ពី​រំលូត​កូន​រួច​ហើយ ដូចជា​ការ​ព្យាបាល​របួស ឬ​ជំងឺ​ដែល​បង្ក​ពី​ការ​រំលូតកូន​ដោយ​ស្របច្បាប់ ឬ​មិន ស្រប ច្បាប់ ត្រូវ​បាន​អនុញ្ញាត​ក្នុង​វិសោធនកម្ម​ច្បាប់​ហេម​នេះ៕

លោក ម៉ី សុវណ្ណារ៉ា ជា​អ្នក​សម្របសម្រួល​ការងារ​ទំនាក់ទំនង និង​ស្វែងរក​ការ​គាំទ្រ​របស់​អង្គការ​ខាណា

Comments are closed.