ការជជែកគ្នាពីគុណសម្បត្តិ និងគុណវិបត្តិនៃសារព័ត៌មានបែបថ្មី

លោក ឆាយ សុផល និពន្ធ នាយក ព័ត៌មាន សុខភាព របស់ សារព័ត៌មាន Cambodia News ត្រូវ បាន អញ្ជើញ ធ្វើ ជា វាគ្មិន កិត្តិយស ក្នុង កិច្ច ពិភាក្សា តុ មូល នេះ
នាព្រឹកថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១០ នេះនៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីប្រធានបទ សារព័ត៌មានបែបថ្មី និងឥទ្ធិពលលើនយោបាយ។
លោក ឆាយ សុផល និពន្ធនាយក ព័ត៌មានសុខភាព របស់សារព័ត៌មាន Cambodia News ត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលនេះ ដោយផ្ដោតលើការពិភាក្សាបីចំណុច គឺទីមួយប្រវត្តិរបស់ Wikileaks ទីពីរឥទ្ធិពលព័ត៌មានសម្ងាត់របស់អាមេរិកលើការទំនាក់ទំនងរវាងអាមេរិកនិងបរទេស ដោយរួមទាំងកម្ពុជាផង និងទីបីគឺមេរៀននៃព័ត៌មានសម្ងាត់របស់អាមេរិកដែល Wikileaks បានបញ្ចេញ សម្រាប់រាជរដ្ឋាភិបាល និងសារព័ត៌មានកម្ពុជា។
គោលបំណងនៃកិច្ចពិភាក្សានេះចង់ផ្ដោតលើវិជ្ជាជីវៈសារព័ត៌មានបែបទំនើបទាក់ទិននិងគុណសម្បត្តិ និងគុណវិបត្តិនៃសារព័ត៌មានបែបថ្មីនេះ។
គួរបញ្ជាក់ដែរថា សារព័ត៌មានបែបថ្មីគឺសំដៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប រហ័សនិងងាយស្រួលទាំងការផ្ដល់ និងការទទួលព័ត៌មាន ដោយរួមទាំងការទំនាក់ទំនងផងដែរ ដែលក្នុងនោះមានគេហទំព័រ មាន Facebook, មានblogs, និងមានTweeter ជាដើម ហើយពញ្ញាក់អារម្មណ៍ដល់អ្នកប្រើប្រាស់សារព័ត៌មានបែបថ្មីនេះគិតពីក្រមសីលធម៌ និងគោរពច្បាប់ដែលទាក់ទិននឹងការផ្សាយព័ត៌មានមិនពិត ការបង្កអសន្តិសុខជាតិ ការជំរុញឲ្យមានការរើសអើង ការមាក់ងាយ បង្កជម្លោះជាតិសាសន៍ សាសនា និងការជ្រៀតជ្រែកជីវិតឯកជនជាដើម ដែលចំណុចទាំងអាចប្រឈមនឹងការចោទប្រកាន់ពីតុលាការ និងជាប់ពន្ធនាគារ។
អ្នកសារព័ត៌មាន មន្ត្រីមកពីស្ថាប័នរាជរដ្ឋាភិបាល និងសង្គមស៊ីវិលប្រមាណជា ៦០ រូបបានចូលរួមក្នុងពិធីនោះ៕








