" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ការ​ស្លៀកពាក់​បញ្ចេញ​សាច់

ដោយ ឆាយ សុផល

ផ្ទាំងគំនូរខ្មែរដាក់តាំងដាក់លក់ពេញទីផ្សារ។

កន្លង​ទៅ​នេះ គ្រូបង្រៀន​ខ្មែរ​មួយ​ក្រុម​បាន​មក​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ពី​គោល​បំណង​របស់​ខ្លួន ដែល​ចង់​​បញ្ឈប់​ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​​របស់​ស្ត្រី ពិសេស​នារី​វ័យ​ក្មេងៗ​នៅ​តាម​ទី​សាធារណៈ និង​នៅ​បរិវេណ​សាលា​រៀន។

គ្រូបង្រៀន​ទាំង​នោះ​មាន​ចំនួន​ប្រមាណ​ជា ១០០ នាក់​បាន​អះអាង​ថា ខ្លួន​គឺ​ស្ថិត​នៅ​ក្នុង​សមាគម​គ្រូ​បង្រៀន​ខ្មែរ ហើយ​បាន​អធិប្បាយ​តាមរយៈ​តំណាង​របស់​ខ្លួន​ថា ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​នេះ​អាច​បំផ្លាញ​វប្បធម៌ និង​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ។ អ្នកគ្រូ​លោក​គ្រូ​ទាំង​នោះ​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក ព្រោះ​ពួកគាត់​សង្កេត​ឃើញ​ថា ការ​ស្លៀកពាក់​ខ្លី ខើច​លើ​ខើច​ក្រោម​បែប​នេះ​បាន​ជ្រៀត​ចូល​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​ស្រទាប់​សិស្ស​ស្រី​ក្មេងៗ នៅ​តាម​សាលា​មធ្យម​សិក្សា​ និង​នៅ​តាម​ទី​សាធារណៈ​នានា។

នៅ​ក្នុង​ច្បាប់​ចេញ​ផ្សាយ​របស់​ខ្លួន​សម្រាប់​ថ្ងៃអង្គារ ទី ៣០ ខែ មិនា ឆ្នាំ ២០១០ នេះ កាសែត Phnom Penh Post បាន​ដក​ស្រង់​សំដី​មន្ត្រី និង​អ្នក​ស្រឡាញ់​និង​អភិរក្ស​វប្បធម៌ ប្រពៃណី​ជាតិ​មួយ​ចំនួន​ដោយ​និយាយ​ថា ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម រហូត​ដល់​ទៅ​សំយេះ​បញ្ចេញ​ខោ​ទ្រនាប់ ហើយ អ្នក​ខ្លះ​ទៀត​អង្គុយ​លើ​ម៉ូតូ ឬ​អង្គុយ​នៅ​តាម​ទី​សាធារណៈ​ចេញ​ចង្វែក​គូទ ក៏​មាន ដែល​ប្រការ​នេះ​នាំ​ឲ្យ​ អាប់ឱន​សេចក្ដី​ថ្លៃថ្នូរ​ដ៏​ល្អ និង​បំផ្លាញ​វប្បធម៌​ជាតិ​ខ្មែរ។ មន្ត្រី និង​អ្នក​អភិរក្ស​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្មែរ​ទាំងនោះ​បាន​លើក​ឡើង​ថា ការ​ស្លៀក​ពាក់​ប៉ផុតប៉ផើយ​ ឬ​ថា ស៊ិចស៊ី​ពេក​គឺ​ជា​ការ​ចម្លង​វប្បធម៌​បរទេស ហើយ​ថា ប្រការ​នេះ​គឺ​ជា​មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ចាប់​រំលោភ​កើត​ឡើង ព្រោះ​បុរស​ៗ​តែងតែ​មាន​អារម្មណ៍​ចង់​រួម​ភេទ នៅ​ពេល​ដែល​ពួកគេ​ឃើញ​សាច់​ស​ខ្ចី។

នៅ​ត្រង់​ចំណុច​នេះ យើង​ពិត​ជា​គាំទ្រ​ដល់​គំនិត​ទាំងឡាយ​ដែល​ចង់​រក្សា​វប្បធម៌ ប្រពៃណី​ជាតិ​ និង​ទំនៀមទម្លាប់​របស់​ខ្មែរ​ដ៏​ផូរផង់​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ដែល​ដូនតា​របស់​ខ្លួន​បាន​បន្សល់​ទុក​មក។ យើង​ក៏សូម​កោត​សរសើរ​ចំពោះ​ការ​ផ្ដួចផ្ដើម​គំនិត​របស់​​អ្នកគ្រូ​លោកគ្រូ​ដែល​មិន​ចង់​ឲ្យ​សិស្ស​ស្រី​ស្លៀកពាក់​សិច​ស៊ី​នៅ​ក្នុង​សាលា​រៀន​ដែរ។ ទាំងនេះ​គឺ​សុទ្ធតែ​ជា​បំណង​ដ៏​ប្រពៃ ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ។

ប៉ុន្តែ នេះ​ជា​ទស្សនៈ​មួយ ឯ​ទស្សនៈ​មួយ​ទៀត​មាន​ការ​លើក​ឡើង​ផ្សេង​ពី​នេះ។ មាន​មនុស្ស​មួយ​ក្រុម​ទៀត​បាន​និយាយ​ថា ប្រសិន​បើ​យើង​គិត​មួយ​ជ្រុង​ទៀត ហើយ​សួរ​ខ្លួន​ឯង​លេង​ថា តើ​សង្គម​ជាតិ​មួយ​ពិត​ជា​មិន​មាន​សេចក្ដី​ថ្លៃថ្នូរ​ដែរ​ឬ​ទេ ហើយ​វប្បធម៌​ ប្រពៃណី​ពិតជា​ទាប​ថោក​មែន​ឬ នៅ​ពេល​​ស្ត្រី​ដែល​ខ្លះ​មាន​សម្បុរ​ស​ខ្ចី ខ្លះ​ស្រអែម និង​ខ្លះ​ទៀត​ស្រអែម​ខ្មៅ​ស្ទើរ​ស្លៀកពាក់​បញ្ចេញ​សាច់​របស់​ខ្លួន​នោះ?

ទាក់ទិន​នឹង​ចំណុច​នេះ មាន​យុវវ័យ និង​មនុស្ស​វ័យ​កណ្ដាល​មួយ​ចំនួន ដែល​យើង​បាន​សម្ភាស​ដោយ​ចោះៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​បាត់​ដំបង និង​ក្រុង​សៀមរាប​បាន​បញ្ចេញ​យោបល់​ថា គំនិត​រក្សាវប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​គឺ​ការងារ​រួម​របស់​សង្គម​ទាំងមូល ហើយ​ពួកគេ​ក៏​មិន​ឯក​ភាព​ចំពោះ​ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​នៅ​ទី​កន្លែង​ការងារ​នានា​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​មិន​ឯកភាព​នោះ គឺ​ការ​ហាម​ឃាត់​សេរីភាព​នៃ​ការ​ស្លៀកពាក់​របស់​មនុស្ស​នៅ​តាម​កន្លែង​សាធារណៈ។ ពួក​មនុស្ស​សម័យ​សកលភាវូបនីយកម្ម និង​សម័យ​បច្ចេកវិទ្យា​ទំនើប​ទាំង​នោះ​គិត​ថា នេះ​ជា​សេរីភាព ជា​សិទ្ធិ​មនុស្ស កុំ​ឲ្យ​តែ​ការ​ស្លៀកពាក់​នោះ​វា​ហួសហេតុ​ចេញ​កេរ្តិ៍​ខ្មាស​នោះ។

ក្នុង​ចំណោម​ពួកគេ អ្នក​ខ្លះ​បាន​និយាយ​លេង​បន្លំ​មែន​ថា ការ​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​ក៏​ជាផ្នែក​មួយ​ជួយ​សម្រួល​អារម្មណ៍​ផង​ដែរ​នៅ​ពេល​ដែល​ពួកគេ​ដើរ​កម្សាន្ត​តាម​ទី​សាធារណៈ ព្រោះ​បច្ចុប្បន្ន​បម្រែបម្រួល​អាកាសធាតុ ដោយ​កម្ដៅ​ផែនដី​កើន​ឡើង​កាន់​តែ​ខ្លាំង និង​ក្ដៅ​ខុស​ពី​ប្រក្រតី (sic)

មាន​ក្រុម​នារី​វ័យ​ក្មេងៗ​អាយុ​ចន្លោះ​ពី ១៥ ទៅ១៦ ឆ្នាំ ដែល​ជា​អនីតិជន​ ហើយ​ចូលចិត្ត​ស្លៀក​ខោ​ខ្លី​ត្រឹម​គល់​ភ្លៅ​និង​អាវ​សំយេះៗ​នោះ​បាន​និយាយ​ថា ពួកគេ​ឯកភាព​ចំពោះ​ការ​មិន​ស្លៀកពាក់​ខ្លី​នៅ​តាម​សាលា​រៀន ប៉ុន្តែ​ពួកគេ​ជំទាស់​ចំពោះ​ការ​ហាមឃាត់​នៅ​តាម​ទី​សាធារណៈ។ ពួកគេ​គិត​ថា ពួកគេ​ជា​កុមារ​មិន​ទាន់​គ្រប់​អាយុ ហេតុ​នេះ​ពួកគេ​អាច​ស្លៀកពាក់​ខ្លី​បាន​នៅ​តាម​ទី​សាធារណៈ ហើយ​បើ​ហាមឃាត់​ពួកគេ គឺ​មាន​ន័យ​ថា រំលោភ​សិទ្ធិ​កុមារ​ដែល​មាន​ចែង​ទាំង​នៅ​ក្នុង​ច្បាប់​ជាតិ និង​អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​កុមារ ពិសេស​​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​បួន គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ សិទ្ធិ​ក្នុង​ការ​ចូល​រួម និង​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ជា​មូលដ្ឋាន។

មាន​នារី​វ័យ​ក្មេងៗ​មួយ​ក្រុម​ទៀត​ទំនង​ដូច​ជា​ខ្លួន​ចេះ​ច្បាប់​ច្រើន​អីចឹង​បាន​សួរ​បញ្ច្រាស​មក​វិញ​ថា តើ​ការ​យក​លុយ​សិស្ស​ពី​សំណាក់​គ្រូ​បង្រៀន​នៅ​ក្នុង​ម៉ោង​សិក្សា​រដ្ឋ​នោះ​គឺ​ជា​ការ​ថែរក្សា​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ជាតិ​ខ្មែរ​ដែរ​ឬទេ? ពួកគេ​បាន​និយាយ​មិន​សំចៃ​ថា មនុស្ស​ចាស់​គួរ​កុំ​មាន​គំនិត​ចង្អៀតចង្អល់​ពេក និង​កុំ​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ពេក​ចំពោះ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​នោះ តែ​ត្រូវ​មាន​គំនិត​ឲ្យ​ទូលាយ​ខ្លះ ហើយ​បញ្ហា​សំខាន់​នោះ​គឺ​ត្រូវ​លុប​បំបាត់​ការ​កេង​ប្រវ័ញ្ច​ពលកម្ម ការ​រំលោភ​ផ្លូវ​ភេទ និង​រាល់​ទម្រង់​នៃ​ការ​រើសអើង​កុមារ ហើយ​ត្រូវ​តែ​គោរព​សិទ្ធិ​កុមារ​ជាចម្បង។

ពួកគេ​បាន​ចោទ​សួរ​ទៀត​ថា កាល​ពី​មិន​ទាន់​មាន​ការ​ស្លៀក​ពាក់​ខ្លី​បែប​នេះ​កាល​ពី​បណ្ដា​ឆ្នាំ​មុនៗ និង​ជំនាន់​មុនៗ តើ​មិន​មាន​​ករណី​ការ​ចាប់​រំលោភ​សេពសន្ថវៈ​មែន​ទេ​ឬ​អី ហើយ​តើ​បុរស​ៗ​ពិត​ជា​មិន​មាន​អារម្មណ៍​ចង់​រួម​ភេទ​មែន​ដែរ​ឬ​អត់ បើ​ពួកគេ​មិន​បាន​ឃើញ​សាច់​ស​ខ្ចី​របស់​នារីៗ​នោះ? នារី​វ័យ​ក្មេងៗ​ទាំង​នោះ​បាន​សំណូមពរ​ថា មនុស្ស​ជំនាន់​មុន​មិន​ត្រូវ​បន្ទោស​មនុស្ស​ជំនាន់​ក្រោយ​ឡើយ ព្រោះ​សម័យ​កាល និង​ការ​វិវត្ត​វា​ពិតជា​ខុស​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។

ទន្ទឹម​នឹង​នេះ មាន​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា សង្គម​ជាតិ​មាន​សេចក្ដី​ថ្លៃថ្នូរ មាន​វប្បធម៌​​រុងរឿង និង​មាន​ប្រពៃណី​ល្អ​ផូរផង់​គឺ​មិនមែន​អាស្រ័យ​លើ​សំលៀកបំពាក់​ខ្លី​របស់​ស្ត្រី​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ តែ​វា​ស្ថិត​នៅ​ការ​គោរព​ច្បាប់ ការ​គោរព​សិទ្ធិមនុស្ស​ស្រី​ប្រុស​គ្រប់​វ័យ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដោយ​រួម​ទាំង​ការ​ការពារ​ទឹកដី ការ​អភិរក្ស​សិល្បៈ របាំ​បុរាណ និង​ប្រាសាទ​តូច​ធំ​នានា​ដែល​ជា​មរតក​របស់​ដូនតា​នោះ។ ពួកគេថា ការ​​បង្កើន និង​ការ​ពង្រឹង​​ការ​បង្ហាញ​អត្ត​សញ្ញាណ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ និង​អន្តរជាតិនានាគឺ​ជា​រឿង​សំខាន់។

ពួកគេ​បាន​លើក​ឡើង​ទៀត​ថា សេចក្ដី​ថ្លៃថ្នូរ​របស់​ជាតិ​មួយ​គឺ​ត្រូវតែ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួញដូរ​គ្រឿងញៀន ការ​លុបបំបាត់​ទេសចរណ៍​ផ្លូវ​ភេទ ការ​លុបបំបាត់​ការ​កេង​ប្រវ័ញ្ច​លើ​ស្ត្រី និង​ត្រូវ​តែ​គោរព​សិទ្ធិ​ស្ត្រី ហើយ​ផ្ដល់​តួនាទី​ស្ត្រី​នៅ​ក្នុង​សង្គម​ប្រកប​ដោយ​សមភាព​យេនឌ័រ ការ​ផ្ដល់​សេវា​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ឲ្យបាន​គ្រប់គ្រាន់​ដល់​ពលរដ្ឋ ការ​បង្កើន​ការងារ​ឲ្យ​មនុស្ស​ធ្វើ ត្រូវ​មាន​ការ​អភិវឌ្ឍ​ទាំង​នៅ​ទីក្រុង​និង​នៅ​ជនបទ មិន​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ត្រូវ​មាន​តម្លាភាព និង​មាន​យុត្តិធម៌​សង្គម​ជាដើម។

បន្ថែម​ពី​លើ​នេះ ពួក​មនុស្ស​សម័យ​ឌីជីថល​ទំនើប​ខ្លះ​ទៀត​បាន​លែបខាយ​ទៀត​ថា មាន​មនុស្ស​ជំនាន់​មុន​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​បាន​ចូលរួម​បំផ្លាញ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​បុរាណ​ដែរ ដូចជា​ការ​រៀបចំ​ពិធី​មង្គល​ការ​របស់​កូន​ចៅ​ដោយធ្វើ​កាត់ៗ​ឆាប់​ចប់ ហើយ​កាត់​នំ​តាម​បែប​បស្ចិមប្រទេស។ តើ​នេះ​ឬ​ជា​អ្នក​ថែរក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​នោះ? ទាក់ទិន​នឹង​ការ​ស្លៀកពាក់​នេះ​ដែរ ពួកគេ​បាន​លើក​ឡើង​ថា នៅ​ក្នុង​សម័យ​ប្រល័យ​ពូជសាសន៍ ប៉ុលពត ឆ្នាំ ១៩៧៥៧៩ នារីៗ​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ស្លៀកពាក់​បិទ​ជិតៗ ហើយ​មាន​បទ​បញ្ជា​តឹងរ៉ឹង​ដោយ​យក​ទៅ​សម្លាប់​ទៀត​ផង បើ​មាន​ខុស​សីលធម៌ (ការ​រួមភេទ) ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​ខុស​សីលធម៌ដដែល។ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស កាល​ណា​ពេញវ័យ ចំណង់​នៃ​ការ​រួម​ភេទ​តែងតែ​កើត​មាន។ ពួកគេបានបញ្ជាក់ថា ជំនួស​មក​វិញ លោកគ្រូ​អ្នកគ្រូ​គួរ​គិត​ពី​ការ​ពង្រឹង​គុណភាព​ផ្នែក​អប់រំ ប្រែ​ក្លាយ​សាលា​រៀន​​ជាថ្នាលអប់រំ​ដ៏ល្អ និង​ជា​​ទី​​កន្លែង​​គ្មាន​​ផ្សែង​​បារី។

ខាង​លើ​នេះ​គឺ​ជា​ការ​អធិប្បាយ​បញ្ចេញ​ទស្សនៈ​របស់​មនុស្ស​ជា​ច្រើន​ក្រុម​ស្ដី​ពី​ការ​ស្លៀកពាក់​ខ្លី​របស់​ស្ត្រី​ ហើយ​ការ​បង្ហាញ​គំនិត និង​យោបល់​នេះ​គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី ដែល​ប្រទេស​កម្ពុជា​ប្រកាន់​យក ហើយ​យើង​ពិត​ជា​ពិបាក​វិនិច្ឆ័យ ថា​តើ​មតិ​មួយ​ណា​ខុស មតិ​ណា​មួយ​ត្រូវ​ណាស់ ព្រោះ​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​មាន​អំណះអំណាង​រៀងៗ​ខ្លួន។

តើ​ទស្សនៈ​មួយ​ណា​សម​ហេតុផល​ជាង? តើមានគំនិតរួមណាមួយដែលអាចឲ្យទស្សនៈ​ទាំង​នេះ​ឈានមកឯកភាពគ្នាបានដែរឬអត់?

អត្ថបទនេះ លោក ឆាយ សុផល បានសរសេរឲ្យ​អង្គការវិទ្យាស្ថានបើកទូលាយក្នុងប្រភេទ «បទវិចារណកថា»។

http://women.open.org.kh/km/view-sexy-dresses

1 Comment