" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ប្រយ័ត្ន​ឡុង​ចុង​ដោយ​សារអ៊ីនធឺណិត

នៅ​ពេល​ថ្មី​ៗ​នេះ កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ព្រមៗ​គ្នា​ថា មាន​ស្ត្រី​ខ្មែរ​ម្នាក់​បាន​ចាញ់​បោក​ពួក​បរទេស​មួយ​ក្រុម​អស់​លុយ​ដល់​ទៅ​ម៉ឺន​ដុល្លារ​តាមរយៈ​​អ៊ីនធឺណិត (internet)

នៅ​ក្នុង​រឿង​នោះ​គឺ​បាន​បង្ហាញ​ពី​ករណី​បោកប្រាស់​ស្ត្រី​ខ្មែរ​ម្នាក់​ពី​សំណាក់​ពួក​បរទេស​មួយ​ក្រុម​ពី​រឿង ចំណាយ​លុយ​ដើម្បី​បាន​លុយ

ជា​ការ​ពិត មាន​ករណី​ឆបោក​លុយ​កាក់ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​លោក​នេះ គឺ​មិនមែន​មាន​តែ​នៅ​ក្នុង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ។ ប្រទេស​កាន់​តែ​ជឿនលឿន ល្បិចកល​បោក​ប្រាស់​ក៏​កាន់តែ​ខ្ពស់ និង​ធ្វើ​ឡើង​គ្រប់​រូបភាព​​នៅ​ក្នុង​ស្រុក​ផង និង​ឆ្លង​ដែន​ផង ហើយ​ប្រើប្រាស់​មធ្យោបាយ​ដ៏​ទំនើបៗ ដែល​ពេល​ខ្លះ​សូម្បី​តែ​អ្នក​ចេះ​ល្មមៗ​ក៏​មាន​ភ្លាត់ស្នៀត​ដែរ។

តើ​មធ្យោបាយ​ដ៏​​ទំនើបៗ​នោះ​ជា​អ្វី​ទៅ? សំណួរ​នេះពិត​ជា​ពិបាក​​ឆ្លើយ​ណាស់ ដោយសារតែ​យើង​គ្មាន​ជំនាញ និង​បទពិសោធន៍​បោក​ប្រាស់​គេ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​លើក​យក​មក​បញ្ជាក់​បាន​គឺ​តាមរយៈ​ការ​ជួប​ដោយ​ផ្ទាល់ និង​ការ​ដែល​បាន​ដឹង​ពី​ការ​បោកប្រាស់​របស់​ជន​ខិលខូច ដូច​ជា​ករណី​ដែល​ស្ត្រី​ខ្មែរ​ខាង​លើ​បាន​ជួប​ប្រទះ​ស្រាប់។

ពិត​ជា​មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា មិន​មែន​មាន​តែ​ស្ត្រី​​ខាង​លើ​នោះ​ទេ​ដែល​ត្រូវ​បាន​ពួក​បរទេស​ និង​ខ្មែរ​គ្នា​ឯង​បោកប្រាស់ ប៉ុន្តែ​កន្លងមក ក៏​មាន​ពលរដ្ឋ​ខ្មែរ​មិន​តិច​ទេ​ដែល​ជួប​ប្រទះ​ការ​ឆបោក​តាម​ប្រព័ន្ធ អ៊ីនធឺណិត (internet) នេះ ហើយ​ការ​បោកប្រាស់​គឺ​មាន​រូបភាព​ខុសៗ​គ្នា​ទៅ​តាម​បច្ចេកទេស​របស់​អ្នក​បោកប្រាស់​ដែល​ពួកគេ​គិត​ថា​អាច​ធ្វើ​ទៅ​បាន។

មាន​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ទៀត​ក៏​ចាញ់​បោក​គេ​តាម​រយៈ​ការ​ទាក់ទង​រៀបការ​តាម​អ៊ីនធឺណិត​នេះ​ដែរ ហើយ​ថែម​ទាំង​បាន​ផ្ញើ​លុយ​ឲ្យ​គេ​ចាយ​លេង​អស់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ក៏​មាន ដែល​ទី​បំផុត​ទើប​ដឹង​ថា​ខ្លួន​បាន​ចាញ់​បោក​គេ។ មិន​តែ​ប៉ុណ្ណោះ មាន​អ្នក​ខ្លះ​ទៀត​គេ​ប្រាប់​ហើយ​ប្រាប់​ទៀត តែ​មិន​ព្រម​ជឿ​គេ​ទេ ហើយ​ថែម​ទាំង​ខឹង​ និង​ជេរ​គេ​ទៀត​ផង នេះ​បាន​ចំ​ជា​អស់​ទាស់​មែន។ នៅ​ត្រង់​ចំណុច​នេះ យើង​ពិត​ជា​មិន​ចង់​បន្ទោស​ពួក​គេ​ទេ ព្រោះ​ពួក​គេ​មិន​ទាន់​យល់​ដឹង​ច្បាស់​ពី​ចោរ​អ៊ីនធឺណិត ប៉ុន្តែ​យើង​មាន​ការ​សោកស្ដាយ​ដែល​មិន​គួរ​ណា​ពលរដ្ឋ​ខ្មែរ​ចាញ់​បោក​ពួក​បរទេស​ទទេៗ​ដោយ​មិន​ទំនង​តាម​អ៊ីនធឺណិត ​នេះ។

អ៊ីនធឺណិត​គឺ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​មួយ​ដ៏​ទំនើប ដែល​មនុស្ស​ក្នុង​លោក​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​ដោយ​ងាយ​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ដោយ​សារ​តែ​អ៊ីនធឺណិត​នេះ​ហើយ ទើប​មនុស្ស​អាច​បង្កើត​បាន​គេហទំព័រ/​វិបសាយ (website) បង្កើត​វិប​ផតថល (webportal) បង្កើត​ប្លក់ (blog) បង្កើត​ហ្វេសប៊ុក (facebook) និង​បង្កើត​អ៊ីម៉េល (email) ផ្ទាល់​ខ្លួន​ជា​ដើម ដើម្បី​ផ្ទុក​ឯកសារ​និង​រូបភាព ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទង​គ្នា​បាន​ដោយ​រហ័ស បើ​ទោះ​ជា​នៅ​ទី​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​បណ្ដាញ​ទូរស័ព្ទ។ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​ទទួល​បាន​ផល​ប្រយោជន៍​ពី​អ៊ីនធឺណិត​នេះ ក៏​មាន​មនុស្ស​មិន​តិច​ទេ​ដែល​ទទួល​រង​គ្រោះ ហើយ​អ្នក​ខ្លះ​​ប្រើ​វា​ក្នុង​ផ្លូវ​ខុស​ច្បាប់ របស់​នគរ ដែល​ទី​បំផុត​អាច​ជាប់​គុក​ច្រវាក់ ក៏មាន។

រឿង​ខ្មែរ​ចាញ់​ល្បិចកល​បោកប្រាស់​របស់​បរទេស​គឺ​មាន​ច្រើន​សណ្ឋាន ឬ​ច្រើន​រូបភាព តែ​យើង​សូម​លើក​យក​តែ​ការ​ចាញ់​បោក​តាម​រយៈ​ការ​ទាក់ទង​តាម​អ៊ីម៉េល (email) មួយ​តែ​ប៉ុណ្ណោះ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ឯង។ ពិត​មែន​ហើយ មាន​ករណី​បោកប្រាស់​ជា​ច្រើន​ដែល​ខ្មែរ​យើង​បាន​ជួប​ប្រទះ ហើយ​យើង​សូម​លើក​យក​ករណី​មួយ​ចំនួន​មក​ជម្រាប​ជូន​ជន​រួម​ជាតិ​ទុក​ជា​បទពិសោធន៍ ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​បោកប្រាស់​តាម​រយៈ​បច្ចេកវិទ្យា​​គមនាគមន៍ ដ៏​ទំនើប​នេះ។

មាន​​សារ​ជា​ច្រើន​ត្រូវ​បាន​គេ​ផ្ញើ​តាម​អ៊ីម៉េល​ដែល​និយាយ​ពី​លុយ​រាប់​សែន​រាប់​លាន​ដុល្លារ ឬក៏​រាប់​សែន​រាប់​លាន​ផោន (លុយ​អង់គ្លេស)។ ប្រភេទ​សារ​ទី​មួយ​គេ​និយាយ​ថា សូម​អបអរ​សាទរ​ដែល​អ្នក​បាន​ឈ្នះ​ឆ្នោត ហើយ​សូម​ទាក់ទង​អ្នក​នេះ​អ្នក​នោះ​តាម​អ៊ីម៉េល …… ។ សារ​ទី​ពីរ​គេ​លើកឡើង​ថា សូម​អបអរ​សាទរ​ដែល​មូលនិធិ​នេះ​មូលនិធិ​នោះ​ផ្ដល់​ជំនួយ​ឲ្យ​អ្នក ហើយ​សូម​ទាក់ទង​អ្នក​នេះ​អ្នក​នោះ​តាម​អ៊ីម៉េល …..។ សារ​ទាំង​ពីរ​ខាង​លើ​នេះ​គេ​ក៏​បាន​សួរ​នាំ​ពី​លេខ​កុង​ធនាគារ​របស់​យើង​ដែរ ដើម្បី​គេ​ផ្ទេរ​លុយ​ឲ្យ​ដែល​ស្តាប់​ទៅ​ដូច​ជា​ទំនង​ដែរ​ចំពោះ​អ្នក​ល្ងង់។ ប្រភេទ​សារ​ទីបី​គេ​ថា ខ្ញុំ​ឈ្មោះ​នេះ​ឈ្មោះ​នោះ​មាន​លុយ​ប៉ុណ្ណេះ​ចង់​សហការ​ផ្ទេរ​តាម​ធនាគារ​ឲ្យ​អ្នក ​សូម​កុំ​ប្រាប់​អ្នក​ណា​គឺ​ត្រូវ​រក្សា​ការ​សម្ងាត់ ហើយ​សូម​ទាក់ទង​តាម​អ៊ីម៉េល…..។ ប្រភេទ​សារ​ទី​បួន​គេ​ថា ឪពុក​ខ្ញុំ/ប្ដី​ខ្ញុំ​ជា​អ្នក​នេះ​ជា​អ្នក​នោះ​បាន​ស្លាប់ ហើយ​សល់​លុយ​រាប់​លាន​ដុល្លារ​ក្នុង​ធនាគារ តែ​គេ​មិន​បើក​ឲ្យ​ទេ ទាល់​តែ​មាន​អ្នក​ទី​បី សូម​ទាក់ទង​តាម​អ៊ីម៉េល ….។ សារទី​ប្រាំថា ខ្ញុំ​មាន​លុយប៉ុណ្ណេះដុល្លារ ហើយ​ខ្ញុំ​ចង់​វិនិយោគ/រក​ស៊ី​ជា​មួយ​អ្នក ហើយ​សូម​ទាក់ទង​តាម​អ៊ីម៉េល…..។ មាន​សារ​ប្រភេទ​ទី​ប្រាំ​មួយ​គេ​ថា អ្នក​ទទួល​បាន​មរតក​ពី​នេះ​ពី​នោះ សូម​ទាក់ទង​ធនាគារ​នេះ​ធនាគារ​នោះ​តាម​អ៊ីម៉េល ….។ សារ​ទី​ប្រាំ​ពីរ​ថា ខ្ញុំ​​បាន​ផ្ញើ​លុយ​ចំនួន​ប៉ុណ្ណេះឲ្យអ្នក​តាម western union តើ​​​អ្នក​​មាន​បានទទួលទេ បើ​មិន​បាន​ទទួល​ទេ សូម​ទាក់ទង​តាម​អ៊ីម៉េល…..

ទន្ទឹម​នឹង​នេះ មាន​ក្រុម​ខ្លះ​ទៀត​បាន​យក​ឈ្មោះ​ក្រុមហ៊ុន យ៉ាហ៊ូ (yahoo) និង​ហ្គូហ្គល (google) មក​បោក​ប្រាស់​ក៏​មាន​ ដោយ​ពួកគេ​និយាយ​ថា គណនី​អ៊ីម៉េល​របស់​អ្នក​ជិត​ផុត​កំណត់ ឬ​ថា អាសយដ្ឋាន​អ៊ីម៉េល​របស់​អ្នក​ជិត​ផុត​សុពលភាព​ហើយ​ សូម​ទាក់ទង​អ្នក​នេះ​អ្នក​នោះ​តាម​អ៊ីម៉េល ……

ជាង​នេះ​ទៅ​ទៀត ថ្មីៗ​នេះ មាន​ពួក​បោកប្រាស់​មួយ​ក្រុម​ទៀត​បាន​ប្រើ​ល្បិច​ដោយ​ធ្វើ​ជា​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ទៅ​ចូល​រួម​ក្នុង​សិក្ខា​សាលា ឬ​ក៏​សន្និសីទ​អ្វី​មួយ​ដែល​រៀបចំ​រួម​គ្នា​នៅ​ពីរ​ប្រទេស ដូច​ជា​ឧទាហរណ៍ លើក​ទី​មួយ​ធ្វើ​នៅ​ប្រទេស​អាមេរិក/ ចក្រភព​អង់គ្លេស និង​លើក​ទី​ពីរ​ធ្វើ​នៅ​ប្រទេស​សេណេហ្គាល់ ដោយ​ក្នុង​លិខិត​អញ្ជើញ​នោះ​បាន​បញ្ជាក់​ថា អ្នក​រៀប​ចំ​កម្មវិធី​នឹង​ចេញ​រាល់​ការ​ចំណាយ​ទាំង​អស់​ទាក់ទិន​នឹង​សិក្ខា​សាលា ឬ​ក៏​សន្និសីទ​នោះ ដោយ​រួម​ទាំង​សំបុត្រ​យន្តហោះ​ទៅ​មក​ផង ហើយ​អ្វី​ដែល​អ្នក​ចូលរួម​ទទួល​ខុស​ត្រូវ​នោះ​គឺ​ការ​កក់​បន្ទប់​សណ្ឋាគារ​ដោយ​ខ្លួន​ឯង​នៅ​ឯ​ប្រទេស​ទី​ពីរ ហើយ​ការ​កក់​បន្ទប់​សណ្ឋាគារ​នេះ សូម​ទាក់ទង​អ្នក​នេះ​អ្នក​នោះ​តាម​អ៊ីម៉េល…..

សារ​ទាំងអស់​ខាង​លើ​នេះ​គឺ​គ្រាន់តែ​​សារ​ខ្លះ​ក្នុង​ចំណោម​សារ​ជាច្រើន​របស់​ពួក​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ មាន​ខ្មែរ​យើង​មួយ​ចំនួន​ដែល​មាន​ការ​យល់​ដឹង​ស្ទើរភ្លើង​ពី​អ៊ីនធឺណិត និង​ពី​ល្បិចកល​ទាន់​សម័យ​របស់​ជន​បរទេស ក៏​ចាប់​ផ្ដើម​មានការ​ចាប់អារម្មណ៍​បន្ទាប់​ពី​អាន​សារ​ទាំង​នេះ​រួច​មក។ ដោយ​យល់​ឃើញ​ថា បាន​ប្រាក់​ចំណេញ​រាប់​សែន​រាប់​លាន​ដុល្លារ ហើយ​មិន​ចង់​ឲ្យ​នរណា​ដឹង​ផង ខ្លួន​ក៏​សម្រេច​ចិត្ត​ទាក់ទង​ជន​បរទេស​ទាំង​នោះ​ជា​បន្តបន្ទាប់​ទាំង​ងងឹតងងល់ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​នរណា​ឡើយ ព្រោះ​ខ្លាច​បែក​ការ ឬ​ក៏​បែក​ទឹក​លុយ។ ទី​បំផុត ជន​បរទេស​ទាំង​នោះ​បាន​ឲ្យ​ខ្មែរ​ផ្ញើ​លុយ​ឲ្យ​ពួក​គេ​ខ្លះ ដើម្បី​យក​ទៅ​យក​ទៅ​រត់​ការ​សម្រាប់​ការ​បញ្ចេញ​លុយ​ទាំង​អស់​នោះ។

ពិត​ជា​មាន​ការ​បញ្ជូន​លុយ​ឲ្យ​ជន​បរទេស​មែន ដែល​មាន​ដល់​ទៅ​​ម៉ឺន​ដុល្លារ​ក៏​មាន ដូច​ជា​ករណី​ស្ត្រី​ខាង​លើ តែ​ចុង​ក្រោយ​ទើប​ដឹង​ថា «អស់​ហើយ​ខ្ញុំ» ហើយ​យំ​ក៏​យំ​មិន​ចេញ។

សរុប​សេចក្ដី​មក​វិញ វា​គ្មាន​អ្វី​ដែល​ត្រូវ​ខាត​បង់​នោះ​ទេ ប្រសិន​បើ​យើង​មិន​លោភលន់ និង​មិន​ចង់​បាន​ទ្រព្យ​របស់​គេ​ហួសហេតុ​ពេក​នោះ។ ការ​គិត​បែប​ល្ងង់​ខ្លៅ ខ្វះ​ការ​ពិចារណា និង​មិន​បាន​ពិភាក្សា​ជា​មួយ​គេឯង ពិសេស​ជា​មួយ​សមាជិក​នៅ​ក្នុង​គ្រួសារ​គឺ​ជា​ការ​អន្តរាយ​មួយ​ដ៏​ធំ ។

ហេតុនេះ ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ឡុងចុង​ដោយ​សារ​តែ​ការ​ចាញ់​បោក​គេ​ទាំង​ឆោតល្ងង់​តាម​អ៊ីនធឺណិត ឬ​ក៏​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ នេះ៕

ប្រភព​ព័ត៌មាន​៖ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

Comments are closed.