" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្ត្រី​គួរ​ធ្វើ​បែប​ណា ប្រសិន​បើ​​សង្សារ​បាន​ខ្លួន​ហើយ​មិន​ព្រម​រៀបការ​នោះ?

សេចក្ដី​ស្នេហា​រ​វាង​បុរស​និង​ស្ត្រី​ គឺ​ធម្មជាតិ​រៀបចំ​តាក់តែង​មក​ឲ្យ​មនុស្ស​ប្រុស​ស្រី​គ្រប់រូប​ មិនថា​ជាតិ​សាសន៍​ណា​នោះ​ទេ ។ ស្នេហា​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​រវាង​បុរស​និង​ស្ត្រី​ ហើយ​ស្នេហា​ពិត​តែង​ផ្សា​ភ្ជាប់​ជា​មួយ​ការ​ទទួល​ខុសត្រូវ​ ទោះ​បី​មិន​ទាន់​ឈាន​ចូល​​ដល់​អាពាហ៍ពិពាហ៍​ក៏ដោយ។

ក្នុង​បរិបទ​សង្គម​កម្ពុជា​យើង​ ដោយ​ទំនៀម​ទំ​លាប់​ប្រ​ពៃ​ណី ស្ត្រី​ភាគ​ច្រើន​ ពេល​មាន​ស្នេហា​ជា​មួយ​បុរស​ណា​ម្នាក់​ហើយ គឺ​​គេ​តែង​រំ​ពឹង​ទុក​ថា​នឹង​​រៀប​អាពាហ៍ពិពាហ៍​ ជា​មួយ​បុរស​រូប​នោះ​ ពោល​គឺ​គេ​ចង់​ឈាន​ទៅ​រក​ចំ​ណ​ង​ផ្លូវ​ច្បាប់​។ សង្គម​នឹង​ធ្វើ​ការ​ទិតៀន​ចំ​ពោះ​ស្ត្រី​ដែល​មាន​ទំ​នាក់​ ទំនង​ស្នេហា​​ហើយ​មិន​បាន​រៀប​ការ។ តែ​ចំណែក​​បុរស​វិញ គេ​តែង​ឃើញ​​​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ស្ត្រី​ៗ​ច្រើន ក្នុង​ពេល​តែ​មួយ​ ឬ​ក្នុង​ពេល​ខុស​ៗ​គ្នា ហើយ​ទំ​នាក់​ទំនង​ទាំង​នោះ មិន​​ប្រាកដ​​ថា​នឹង​ភ្ជាប់​ចំណង​​​​អាពាហ៍ពិពាហ៍​​ទាំង​អស់​នោះ​ទេ។

មនុស្ស​ភាគ​ច្រើន​ក្នុង​សង្គម​ខ្មែរ​រ​ មិន​មាន​យោបល់​អ្វី​ទេ​ចំ​ពោះ​ការ​ការ​ធ្វើ​បែប​នេះ ដោយ​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​របស់​មនុស្ស​ប្រុស។​ នេះ​ជា​ផល​វិបាក​មួយ​របស់​ស្ត្រី ហើយ​ពេល​ខ្លះ​ប៉ះ​ពាល់​ដល់​អនាគត​របស់​ស្ត្រី​ ជា​ពិសេស​ស្ត្រី​ដែល​​ធ្លាប់​មាន​ទំ​នាក់​ទំនង​ស្នេហា​ជា​មួយ​បុរស​ ដោយ​ហេតុ​ថា​ បុរស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​មាន​ទំ​នាក់​​ទំនង​​​ស្នេហា​ ជា​មួយ​មនុស្ស​ស្ត្រី​ដែល​ធ្លាប់​មាន​សង្សារ​រួច​មក​ហើយ​ៗ​បុរស​ភាគ​តិច​ណាស់​ដែល​យល់​ព្រម​រៀប​ការ​ជា​មួយ​ស្ត្រី​ដែល​ធ្លាប់​មាន ទំ​នាក់​ទំនង​ផ្លូវ​​ភេទ​ជា​មួយ​បុរស​ផ្សេង​ ឬ​យើង​អាច​និយាយ​ថា ស្ត្រី​អស់​ព្រហ្មចារី​នោះ។

ការ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រហ្មចារី គឺ​ជា​រឿង​ល្អ​ម៉្យាង​ក្នុង​ការ​ថែ​រក្សា​ភាព​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ស្ត្រី តែ​វា​ក៏​ជា​បញ្ហា​ដ៏​​ធំ ​សម្រាប់​ស្ត្រី​ដែល​រស់​នៅ​ក្នុង​សម័យថ្មី ​ដែល​ការ​ទំ​នាក់​ទំនង​ក្នុង​សង្គម​ មាន​ការ​បើក​ ​ ទូ​លាយ​តាម​​ចរន្ត​​វិវឌ្ឍ​នៃ​ការ​ផ្លាស់​ប្ដូរ​សេដ្ឋ​កិច្ច​ សង្គម​​​ពិភព​លោក។ យើង​ឃើញ​មាន​ករណី​ជា​ច្រើន​នៅ​ប្រ​ទេស​កម្ពុជា​ ពេល​នារី​វ័យក្មេង​​ត្រូវ​គេ​ចាប់​រំ​លោភ​ហើយ​ តែង​ត្រូវ​សង្គម​រើស​អើង ពេល​ខ្លះ​រួម​ទាំង​គ្រួ​សារ​សាមី​ខ្លួន​ផ្ទាល់​ទៀត​​ផង។​ ប្រ​ការ​នេះ​បាន​ធ្វើ​ឲ្យ​នា​រី​នោះ​ស្ថិត​ក្នុង​ភាព​ទាល់​ច្រក ហើយ ពេល​ខ្លះ​​ឈាន​ទៅ​រក​មុខ​របរ​រក​ស៊ី​ផ្លូវ​ភេទ។

រឿង​ដែល​​​រំពឹង​ទុក​ថា​គូ​សង្សារ នឹង​រៀបការ​​​ជា​គូរ​ស្វាមី​ភរិយា​ក្រោយ​ពី​បាន​ខ្លួន​នោះ អាច​ក្លាយ​​ជា​រឿង​សោក​សៅ​ ហើយ​អាច​រហូត​ដល់​មាន​រឿង​ប្ដឹង​ទៅ​តុលាការ​ទៅ​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា តួ​យ៉ាង​ដូច​រឿង​ខាង​ក្រោម​នេះ។

កាសែត​​កម្ពុជា​ថ្មី ឆ្នាំ​ទី ០៦​ លេខ​ ១៤៨៥ ចេញ​ផ្សាយ​ ថ្ងៃ​ អង្គារ​ ទី​ ០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០០៧ បាន​​ចុះ​ផ្សាយ​អត្ថបទ​​មួយ​ស្ដី​ពី​បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំ​ពេញ​ សម្រេច​ឃុំ​ខ្លួន​ក្រោម​ការ​ចោទ​​ប្រ​កាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​​ទាក់ទិន​នឹង​ករណី ​ដែល​ជន​ជាប់​ចោទ​ល្បួង​យុវតី​ម្នាក់​រំលោភ​សេពសន្ថវៈ​ តាំង​ពី​អាយុ​ ១៥ ឆ្នាំ​ រហូត​ដល់​អាយុ​ ២០​​ ​​​ឆ្នាំ ដោយ​​​បាន​សន្យា​ថា​នឹង​ចូល​ស្ដី​ដណ្ដឹង​រៀបការ​ នឹង​គ្នា​ជា​ប្ដី​ប្រពន្ធ​តទៅ​អនាគត​។​ នាង​បាន​រង់ចាំ​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ មិន​ឃើញ​ ចូល​ស្ដី​ដណ្ដឹង​តាម​ពាក្យ​សន្យា​ទេ​ ហើយ​បែរ​ជា​មាន​បំណង​គេច​វេះ​មិន​ទទួល​ខុសត្រូវ លើ​ការ​បំផ្លាញ​​ព្រហ្មចារីទើប​នាង​ដាច់ចិត្ត​ប្ដឹង​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន​ភាគី​ខាង​ប្រុស​ ។

កាសែត​បាន​បន្ត​ទៀត​ថា ជន​ជាប់​ចោទ​បាន​​និយាយ​​ថា ខ្លួន​មិន​បាន​ចាប់​រំលោភ​នារី​រងគ្រោះ​ទេ ប៉ុន្តែ​ជា​ការ​ស្ម័គ្រ​ចិត្ត​ទាំង​សង​ខាង មិន​មាន​ការ​បង្ខិត​បង្ខំ​ សូម្បី​តែ​បន្តិច​ឡើយ ។ តែ​ដោយ​សារ​ខ្លួន​គ្មាន​​​ប្រាក់​ចូល​ស្ដី​​ដណ្ដឹង​រូប​នាង​ជា​សង្សារ ទើប​ម្ដាយ​នារី​រងគ្រោះ​បង្កាប់​កូន​ស្រី ឲ្យ​ប្ដឹង​ខ្លួន​ថា​​ជា​អ្នក​រំលោភ​​​ទៅ​វិញ ។

តើ​ស្ត្រី​គួរ​ធ្វើ​បែប​ណា ប្រសិន​បើ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ដូច្នេះ ? ហេតុ​អ្វី​បាន​ជា​នាង​​ប្ដឹង?
ពិត​ប្រាកដ​ណាស់​ថា ប្រ​សិន​បើ​បុរស​នោះ​មិន​ចូល​ស្ដី​​​​​ដណ្ដឹង​នាង​ទេ គឺ​នាង​​មិន​ងាយ​នឹង​មាន​បុរស​ណា​ផ្សេង​ចូល​ស្ដី​​​ដណ្ដឹង​ឡើយ​ដោយ​ហេតុ​ថា​នាង​​អស់​ព្រហ្មចារី​ទៅ​ហើយ ហើយ​ត្រូវ​សង្គម​ពេប​​ជ្រាយ។​ ទំនៀម​ទំ​លាប់​ប្រ​ពៃ​ណី​សង្គម​ បាន​ចង​​និង​​ធ្វើ​ឲ្យ​ស្រី​ខ្មែរ​ មិន​ងាយ​​រើ​បម្រាស់​​ខ្លួន​ចេញ​ពី​ក្រ​ញ៉ាំ​ជីវិត និង​សឹង​ថា​មិន​មាន​ច្រក​ដោះ​ស្រាយ​បញ្ហា។ ខុស​ពី​បណ្ដា​ប្រ​ទេស​អភិវឌ្ឍ ព្រហ្មចារី ឬ​ការ​មាន​ទំ​នាក់​ទំនង​​​ស្នេហា​មុន​ពេល​រៀប​ការ​ មិន​មែន​ជា​បញ្ហា​នោះ​ទេ។ ស្ត្រី​នៅ​ប្រ​ទេស​ទាំង​នោះ​​​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ទំ​នាក់​ទំនង​ ​និង​មាន​ដៃ​គូរ​ដោយ​មិន​រៀប​ការ​និង​មាន​​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ជ្រើស​រើស​គូរ​ប្រ​ចាំ​ជីវិត​ដូច​បុរស​ដែរ​។ ដូច្នេះ​ហើយ​ យើង​ឃើញ​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ប្រ​ទេស​ទាំង​នោះ ​ក្នុង​ការ​ងារ​សេដ្ឋកិច្ច​ សង្គម​ក៏​ខ្លាំង​ដែរ។​​​​ ទោះ​ជា​យ៉ាង​ណា​ បញ្ហា​អាច​ដោះ​ស្រាយ​បាន​ល្អ ប្រ​​សិន​បើ​យើង​អាច​ទំ​លុះ ប្រ​ពៃ​ណី​ទំ​នាម​ទំ​លាប់​ពី​បរម​បុរាណ​មក ហើយ​​ភាគី​ទាំង​ពីរ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។​ ចំ​ពោះ​ករណី​នេះ ការ​ប្ដឹង​​ផ្ដល់​មិន​មែន​ជា​ដំ​ណោះ​ស្រាយ​តែ​មួយ​ឡើយ។

ប្រសិន​បើ​បុរស​ជា​សង្សារ​នៅ​មាន​ចិត្ត​ចង់​បាន​នាង​ជា​គូរ​គាប់ ហើយ​គ្មាន​ប្រាក់​ចូល​ស្ដី​ដណ្ដឹង​​នោះ យើង​គួរ​និយាយ​លើក​ទឹក​ចិត្ត​ ឲ្យ​បុរស​នោះ​ស្វែង​រក​ការងារ​ធ្វើ​ ខិត​ខំ​សន្សំ​ប្រាក់ ដើម្បី​រៀប​ការ ។ ម្យ៉ាង​ទៀត យើង​ក៏​អាច​ទៅ​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ រឺ​គេ​និយម​ហៅ​ថា អេតាស៊ីវិល នៅ​សាលា​ឃុំសង្កាត់​ផង​ដែរ​ដើម្បី​បាន​គ្នា ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់ ព្រោះ​ថា​ការ​ចុះ​លិខិត​អាពាហ៍ពិពាហ៍​នេះ គឺ​មាន​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់ មិនមែន​ការ​រៀប​អាពាហ៍ពិពាហ៍​​តែមួយ​មុខ ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​​ច្បាប់​នោះ​ទេ​។ ការ​រៀប​អាពាហ៍ពិពាហ៍ គ្រាន់​តែ​ជា​កា​រ​បំពេញ​មុខមាត់ និង​ធ្វើ​តាម​ប្រពៃណី​​​​​ពី​បរម​បុរាណ តែប៉ុណ្ណោះ។

ម៉្យាង​ទៀត​ស្ត្រី​​គួរ​គិត​ថា​ បើ​ទោះ​បី​ជា​ខ្លួន​បាត់​​បង់​​ព្រហ្មចារី​ ក៏​ពិត​មែន ក៏​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ជា​​​សត្យានុម័ត​ថា គ្មាន​បុរស​ណា​ផ្សេងទៀត ​ ស្រលាញ់​យើង​នោះ​​ទេ​ ​​មនុស្ស​ម្នាក់ៗ មិន​មែន​ត្រូវ​បាន​ ធម្មជាតិ​កំណត់​ឲ្យ​មាន​ស្នេហា តែ​មួយ​ដង​នោះ​ទេ​។ អ្នកខ្លះ មាន​ច្រើន​លើស​ពី​១ អ្នក​ខ្លះ​រៀប​ការ​​២​ដង​ក្រោយ​ពី​លែង​លះ​​ ​ខ្លះ​ប្ដី​ស្លាប់ ហើយ​ក៏​រៀបការ​ម្ដង​ទៀត។

តែ​ប្រ​សិន​បើ​បុរស​នោះ​ លែង​ស្រឡាញ់​ហើយ​មិន​ចង់​រៀបការ​ជា​មួយ​យើង​ក្រោយ​ពី​បាន​ខ្លួន​ប្រាណ​នោះ អាជ្ញាធរ ​ក្រ​សួង​មាន​សមត្ថកិច្ច​ និង​តុលាការ​ត្រូវ​ចាត់​វិធាន​តាម​ច្បាប់​ជា​ធរមាន​ប្រយោជន៍​ការ​ពារ​សិទ្ធិ​ ផល​ប្រយោជន៍​របស់​ស្ត្រី​​​ ព្រោះ​បុរស​នោះ​មិន​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។​ ច្បាប់​ស្ដី​ពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ​មាត្រា​​៥ ចែង​ថា.ជន​ណា​ក៏ដោយ ដែល​រំលោភ​សេព​សន្ថវៈ​ឫ​​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ លើ​ជន​ណា​ម្នាក់ទៀត​ ទោះ​បី​ភេទ​ដូច​គ្នា ឫ​មិន​ដូច​​គ្នា​ក៏ដោយ​​ ត្រូវ​មាន​ទោស​​ពី​​បទ​​រំលោភ​​សេពសន្ថវៈ​​ ហើយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០ ឆ្នាំទៅ​១៥ ឆ្នាំ…”()

ករណី​ខាង​លើ​នេះ​​ ​បាន​បង្ហាញ​ផង​ដែរ​អំ​ពី​បញ្ហា​នៃ​ចំណាក​ស្រុក​ ដោយសារ​ប្រ ជា​ពល​រដ្ឋ​ខ្វះ​ ការ​ងារ​ធ្វើ ទើប​ធ្វើ​ចំណាក​ស្រុក​មក​ភ្នំ​ពេញ​ដើម្បី​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត។ កម្មករ​កាត់​ដេរ ​នៅ​ប្រ​ទេស​កម្ពុជា​មាន​សរុប​ចំ​នួន ៣៣០​ ០០០នាក់() ភាគ​ច្រើន​ជា​ស្រី ។​​ ពួក​គេ​ទាំង​​នោះ ភាគ​ច្រើន​មាន​ការ​រៀន​សូត្រ​តិច​តួច ​​​​និង​មិន​សូវ​ដឹង​អំពី​បញ្ហា​នៅ​ជំ​វិញ​ខ្លួន​ឡើយ។ ខាង​ច្បាប់​ទំ​លាប់​រឹត​តែ​លែង​ដឹង​ទៅ​ទៀត។ ដូច្នេះ​ ពេល​មាន​បញ្ហា​ដែល​កើត​ឡើង​នៅ​លើ​ខ្លួន​គេ ពួក​គេ​ក៏​មិន​ដឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច​ដែរ។ ទាក់​ទង​នឹង​អ្នក​ធ្វើ​ចំណាក​ស្រុក​មក​ធ្វើ​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ភេទ​នេះ​​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​​ខ្វះ​ខាត​​​​គោល​នយោបាយ​និង​យន្តការ​អភិវឌ្ឍ​ដែល​មាន​បញ្ជ្រាប​ទស្សនៈ​ យេន​ឌ័រ ដើម្បី​ធានា​ថា​ ទាំង​បុរស​ទាំង​ស្ត្រី​នៅ​តាម​ទី​ជន​បទ​ឆ្ងាយ​ៗ ​មាន​ការ​ងារ​ធ្វើ​គ្រប់​គ្នា​។ រដ្ឋាភិបាល​ ក៏​គួរ​​លើក​ទឹក​ចិត្ត​ដល់​សហជីព​កម្មករ ​ក្នុង​ការ​ផ្ដល់​​វគ្គ​​បណ្ដុះ​​បណ្ដាល​ដល់​កម្មករ​ទាំង​នោះ​នូវ​ចំ​ណេះ​ដឹង​ទូ​ទៅ​អំពី​សីលធម៌​រស់​នៅ​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​។ ​ពេល​នោះ​បញ្ហា​សង្គម​​នឹង​ត្រូវ​កាត់​បន្ថយ៕ (អត្ថបទ​ សយ សុភា អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ប៉ុន្តែ​រូប​មិនមែន​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយទេ)

()ច្បាប់​ស្តី​ពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
()វេទិកា​រដ្ឋាភិបាលផ្នែក​ឯកជន៖ កម្រង​ឯកសារ​នៃ​ម៉ាទ្រីស​របៀបវារៈ សេចក្តី​​សង្ខេប​ក្រុម​ការងារ​និង​សុន្ទរកថា នៃ​វេទិកា​​រដ្ឋាភិបាលផ្នែក​ឯកជន​លើក​ទី​១០ ខែ​មិថុនា ឆ្នាំ​២០០៦, វេទិកា​រដ្ឋាភិបាលផ្នែក​ឯកជន​លើក​ទី​១១ ខែ​មករា ឆ្នាំ​២០០៧

Comments are closed.