" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្ដាប់​អ្នក​ជំងឺ​អេដស៍​នៅ​មន្ទីរ​ពេទ្យ​​​រុស្ស៊ី​ត្អូញត្អែរ

ការ​ត្អូញ​ត្អែរ​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន លោក​ បាន គី​មូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​មក​ទស្សនកិច្ច​នៅ​មន្ទីរ​ពេទ្យ​នេះ

ដោយ ឆាយ ​សុផល 

 
 
 
 

អ្នក ជំងឺ អេដស៍ ដេក សម្រាក នៅ មន្ទីរ ពេទ្យ មិត្ត ភាព ខ្មែរ -សូវៀត

 

ការ​ផ្ទុក​មេរោគ​​អេដស៍ ដែល​វិវត្ត​ទៅ​ជា​ជំងឺ​អេដស៍​នៅ​ក្នុង​ខ្លួន​គឺ​ជា​បញ្ហា​មួយ​នៅ​ក្នុង​ជីវិត​របស់​បុគ្គល និង​ជា​បញ្ហា​របស់​សង្គម​គ្រួសារ​នៃ​បុគ្គល​នោះ ហើយ​ក៏​ជា​បន្ទុក​មួយ​ដ៏​ធំ​​របស់​សង្គម​ជាតិ​ដែរ។

  នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ ២០១០ នេះ មាន​មនុស្ស​ជាង ៦,៧ ម៉ឺន​នាក់​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​ (ផ្ទុក​មេរោគ​អេដស៍) នេះ​បើ​តាម​ការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៦ តុលា នេះ​ពី​លោក​វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។

នៅ​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​​បាន​សម្រេច​បញ្ចូល​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ឬ​ហៅ​ថា ពេទ្យ​រុស្ស៊ី​ និង​មន្ទីរ​ពេទ្យ​លោក​សង្ឃ​​ឲ្យ​ដំណើរ​ការ​ពី​ការ​គ្រប់គ្រង​ផ្ទាល់​ដោយ​រដ្ឋ ទៅ​​ជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ​ ដែល​មាន​ការ​គ្រប់គ្រង​ពាក់កណ្ដាល​ស្វយ័ត។

យើង​នៅ​ចាំ​បាន​ថា នៅ​ក្នុង​លេខ​ចុះ​ផ្សាយ​ថ្ងៃ​អាទិត្យចន្ទ ទី ១៦១៧ សីហា​ ឆ្នាំ ២០១០ កន្លង​ទៅ​នេះ កាសែត​រស្មី​កម្ពុជា​បាន​ដកស្រង់​សំដី​លោក​វេជ្ជបណ្ឌិត​ សាង សេងលី នាយក​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ដោយ​និយាយ​ថា ការ​ក្លាយ​​ពី​មន្ទីរពេទ្យ​គ្រប់គ្រង​​ផ្ទាល់​ដោយ​រដ្ឋ​មក​ជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ​នេះ គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ហើយ​ថា វា​នឹង​ផ្ដល់​ឲ្យ​អ្នក​ក្រ​ទទួល​បាន​នូវ​សេវា​ល្អ​ជាង​មុន ព្រោះ​បើ​យើង​មិន​ជួយ​អ្នក​ក្រ​ យើង​មិន​ធ្វើ​វា​ទេ។ យើង​សូម​កោត​សរសើរ​ដែល​លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​បែប​នេះ ដែល​ពិត​ជា​សំដី​មួយ​គួរ​ឲ្យ​គោរព និង​មិន​អាច​មិន​សរសើរ​មិន​បាន​ឡើយ។

បើ​តាម​ការ​ដក​ស្រង់​សំដី​របស់​កាសែត​នោះ​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​មន្ទីរពេទ្យ​បាន​គ្រប់គ្រង​ពាក់កណ្ដាល​ស្វយ័ត​គឺ​វា​មាន​ភាព​ងាយ​ស្រួល​ជាង ហើយ​មន្ទីរ​ពេទ្យ​អាច​មាន​ឧបករណ៍​សម្ភារៈ​ទំនើប​ជាង​មុន និង​បុគ្គលិក​​មន្ទីរពេទ្យ​ទទួល​បាន​ការ​លើក​ទឹក​​ចិត្ត ដោយ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន។

ប៉ុន្តែ​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពី​​អ្នក​ជំងឺ​អេដស៍​នៅ​ឯ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​នោះ គឺ​វា​ផ្ទុយពី​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ សាង សេងលី។ អ្នក​ជំងឺ​ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ​បាន​និយាយ​ថា ពេល​គាត់​មក​ដល់​ដំបូង​គាត់​ត្រូវ​បង់​សេវា​ចំនួន​ប្រាំ​មួយ​ពាន់ ហើយ​បង់​ថ្លៃ​គ្រែ​ក្នុង​មួយ​យប់​មួយ​ម៉ឺន​រៀល។ ជា​ទូទៅ នៅ​ក្នុង​បន្ទប់​នៃ​អគារ​ជំងឺ​ឆ្លង​របស់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ខ្លះ​មាន​បី​គ្រែ និង​ខ្លះ​ទៀត​មាន ៥ ទៅ ៦ គ្រែ ហើយ​បន្ទប់​នីមួយៗ​មាន​បន្ទប់​ទឹក​មួយ។

អ្នក​ជំងឺ​រូប​នោះ​បាន​បន្ត​ថា ដោយ​គាត់​ប្រាប់​ក្រុម​គ្រូពេទ្យ​ថា​គាត់​ជា​អ្នកក្រ ទើប​ពីរ​យប់​ក្រោយ​មក​គេ​បាន​ឲ្យ​គាត់​ចេញ​សិន ហើយ​ទៅ​សុំ​កម្មវិធី​ «មូលនិធិ​សមធម៌» ទើប​គាត់​អាច​ចូល​មក​ស្នាក់​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ដដែល។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អ្នក​ជំងឺ​រូប​នោះ​មិន​អស់ចិត្ត គឺ​កា​បង់​សេវា​ផ្សេងៗ​ ដូច​ជា​ការ​ចាក់​ថ្នាំ​ និង​ការ​ទិញ​សេរ៉ូម ម្ជុល​សេរ៉ូម និង​ទុយយោ​សេរ៉ូម​មក​ចាក់​ជា​ដើម ដែល​គាត់​គ្មាន​លទ្ធភាព។

ដោយ​ដេក​ស្ដូកស្ដឹង​លើ​គ្រែ​ដៃ​ព្យួរ​សេរ៉ូម អ្នកជំងឺ​ស្ត្រី​ម្នាក់​ទៀត​​បាន​ត្អូញត្អែរ​ថា គាត់​បាន​មក​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​នេះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ​ហើយ ហើយ​ព្យួរ​សេរ៉ូម​អស់​ដប់​ផ្លោក ​១០ ដែរ ហើយ​សេរ៉ូម​ពណ៌ខ្មៅ​មាន​តម្លៃ​ពី ១៨ ដុល្លារ ទៅ ២០ ដុល្លារ ក្នុង​មួយ​ផ្លោក។ ស្ត្រី​ក្នុង​ស្ថានភាព​ស្លេកស្លាំង និង​មាន​រូបរាងកាយ​ស្គម​រីងរៃ ស្ត្រី​វ័យ ៤០ ឆ្នាំ រូប​នោះ​បាន​និយាយ​ដោយ​ទឹក​ភ្នែក​រលីងរលោង​ថា គាត់​នឹង​សុំ​គ្រូពេទ្យ​ទៅ​ដេក​ស្លាប់​នៅ​ឯ​ផ្ទះ​វិញ ព្រោះ​គាត់​អស់​លុយ​ហើយ ហើយ​លុយ​ដែល​បាន​មក​នេះ​គឺ​ខ្ចី​ពី​បងប្អូន​នៅ​ឯ​ស្រុក ខណៈ​ដែល​ប្ដី​គាត់​ក៏​កំពុង​ឈឺ​ដេក​នៅ​ឯ​ស្រុក​ដែរ។

ស្ត្រី​ម្នាក់​ទៀត​ជា​ម្ដាយ​ដែល​កំពុង​អង្គុយ​កំដរ​កូន​ស្រី​របស់​ខ្លួន​អាយុ ១៩ ឆ្នាំ បាន​និយាយ​ដោយ​បង្ហូរ​ទឹក​ភ្នែក​ថា «ខ្ញុំ​ពិត​ជា​គ្មាន​លទ្ធភាព​បង់លុយ​បន្ត​ទៀត​ទេ​ក្នុង​ការ​ទុក​កូន​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នេះ ព្រោះ​ស្អី​ក៏​លុយ​ទាំង​អស់»

ជា​ទូទៅ បញ្ហា​ដែល​កើត​មាន​ចំពោះ​អ្នក​ជំងឺ និយាយ​ដោយ​ឡែក​អ្នក​ជំងឺ​ដែល​ទាក់ទិន​នឹង​មេរោគ​អេដស៍ ហើយ​ក្រីក្រ​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​ និង​ព្យាបាល​ពី​មន្ទីរ​ពេទ្យ​រដ្ឋ និង​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ​នានា ប្រសិន​បើ​ទី​កន្លែង​ទាំង​នោះ​មិន​មាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​ជំនួយ ឬក៏​ពី​គម្រោង​ដោយ​ឡែក​ណា​មួយ​នោះ។

គួរ​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​មូលនិធិ​មួយ​ហៅ​ថា «មូលនិធិ​សមធម៌» ដែល​ជា​កម្មវិធី​ជួយ​ជន​ក្រីក្រ​ដែល​មាន​ជំងឺ​ទូទៅ ដោយរួមទាំង​ជំងឺ​អេដស៍​ផង​អាច​មក​ព្យាបាល​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។ ប៉ុន្តែ​ចំណុច​នេះ អ្នក​ជំងឺ​ត្រូវ​តែ​មាន​ការ​បញ្ជាក់​ពី​ភូមិ ឃុំសង្កាត់​ ដែល​ខ្លួន​កំពុង​រស់​នៅ​ថា​ពិត​ជា​អ្នក​ក្រីក្រ​មែន ហើយ​យក​លិខិត​នោះ​មក​បង្ហាញ​មន្ទីរពេទ្យ។ រីឯ​ការ​យក​លុយ​ឬ​មិន​យក​លុយ​ពី​អ្នក​ជំងឺ​នោះ​គឺ​អាស្រ័យ​លើ​គណៈកម្មការ​មូលនិធិ​សមធម៌​របស់​មន្ទីរ​ពេទ្យ​នីមួយៗ។

កង្វះ​មធ្យោបាយ និង​សម្ភារៈ​បច្ចេកទេស និង​ថ្នាំ​សង្កូវ​របស់​ទី​កន្លែង​សង្គ្រោះ​ជីវិត​មនុស្ស​ទាំង​នោះ​គឺ​មិនមែន​ជា​កំហុស​របស់​ពួកគេ​ទេ តែ​នេះ​ក៏​ដោយ​សារ​តែ​ពួកគេ​ខ្វះ​ថវិកា​ដើម្បី​មក​ធ្វើ​ទំនើបកម្ម​និង​ទិញ​ឱសថ​ដែល​ជា​តម្រូវ​ការ​ចាំបាច់ក្នុង​ការ​សង្គ្រោះ​ជីវិត​មនុស្ស។ តែថា កង្វះ​មធ្យោបាយ សម្ភារៈ​បច្ចេកទេស និង​ថ្នាំ​សង្កូវ​របស់​ទី​កន្លែង​សង្គ្រោះ​ជីវិត​ជន​ក្រីក្រ​ទាំងនោះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា។ មាត្រា​ ៧២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា “សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា” ហើយ​ថា “ប្រជា​រាស្ត្រ​ក្រីក្រ​ត្រូវ​បាន​ទទួល​ការពិនិត្យ​រោគ​ដោយ​ឥត​បង់​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ គិលានដ្ឋាន និង​មន្ទីរ​ពេទ្យ​សម្ភព​សាធារណៈ។”

ដោយ​ឡែក នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​កន្លង​មក​មាន​អង្គការ​អន្តរ​ជាតិ​ជួយ​ឧបត្ថម្ភ​លើ​ការងារ​មេរោគ​អេដស៍​នៅ​ឯ​អគារ​ជំងឺឆ្លង ប៉ុន្តែ​ថ្មីៗ​នេះ​ពួកគេ​បាន​ដកថយ ដែល​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​នេះ​ពើប​ប្រទះ​បញ្ហា​ខ្លះ។ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​របស់​យើង​បាន​សួរ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ តុលា​នេះ​ថា តើ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​បាន​ជួប​ការ​លំបាក​ ឬ​ក៏​ការ​ប្រឈម​អ្វីខ្លះ​នៅ​ឯ​អគារ​ជំងឺ​ឆ្លង​របស់​​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត លោក ​សាង សេងលី នាយក​មន្ទីរ​ពេទ្យ​នេះ​បាន​ឆ្លើយ​ថា លោក​មិន​មាន​ពេល​ធ្វើ​អត្ថាធិប្បាយ​ទេ ព្រោះ​លោក​ជាប់​រវល់​រវល់​រៀបចំ​ការងារ​ដែល​លោក​ បាន គី​មូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​មក​ទស្សនកិច្ច​នៅ​មន្ទីរ​ពេទ្យ​របស់​លោក។

គួរ​រំលឹក​ដែរ​ថា លោក បាន ​គីមូន នឹង​មក​ដល់​ប្រទេស​កម្ពុ​ជា​ជា​លើក​ដំបូង​នៅ​ពេល​ល្ងាច​​ថ្ងៃ​ទី ២៦ ខែ​តុលា នេះ ហើយ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក​ បាន គីមូន ក៏​មាន​គម្រោង​ទៅ​មើល​អ្នក​សេព​បំពាន​គ្រឿង​ញៀន​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​នា​ព្រឹក​ថ្ងៃ​ទី ២៨ តុលា ដែរ។

លោក​វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ពន្យល់​ថា វា​ពិត​ជា​មាន​ចំណុច​ខ្វះខាត​ខ្លះ​នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន ព្រោះ​ថា ពេល​មុន​មាន​គេ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ ហើយ​នៅ​ពេល​ដែល​គេ​ឈប់​ជួយ​ទៅ​គឺ​ជា​បន្ទុក​មួយ​ដ៏​ធំ​ដល់​មន្ទីរពេទ្យ​នោះ ខណៈ​ដែល​ខ្លួន​កំពុង​តែ​ខ្វះ​សព្វ​ខ្វះ​គ្រប់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក តែង គន្ធី បាន​បញ្ជាក់​ថា បើ​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ​សហប្រជាជាតិ​បាន​កំណត់​ថា នៅ​ឆ្នាំ ២០១០ នេះ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច​ត្រូវ​តែ​សម្រេច​ឲ្យបាន​ការ​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍​ឲ្យ​បាន ៦០% ប៉ុន្តែ​កម្ពុជា​បាន​សម្រេច​លើស​ផែនការ គឺ​បាន​រហូត​ដល់​ទៅ ៩៥%។ លោក តែង គន្ធី ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា វា​ពិត​ជា​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ តែ​មិន​ជា​ទូទៅ​នោះ​ទេ៕ 

 (អត្ថបទ​នេះ​ផលិត​ក្រោម​ការ​គាំទ្រ​សប្បុរសធម៌​របស់​ប្រជាជន​អាមេរិក​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។ រាល់​ខ្លឹមសារ​ដែល​មាន​ក្នុង​អត្ថបទ​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​សរសេរ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់ USAID ឡើយ)

Comments are closed.